(ភ្នំពេញ)៖ មតិជាច្រើនពីអ្នកនិយមគាំទ្របាល់ទាត់ជាតិបានលើកសរសើរថា ខ្សែបម្រើវ័យក្មេង អ៊ន ចាន់ប៉ូលីន ពិតជាមានសមត្ថភាពខ្ពស់លើតំណែងខ្សែបម្រើ ទាំងការលេងនៅក្នុងក្លឹប និងក្រុមជម្រើសជាតិ ហើយពួកគេបង្ហាញក្ដីរំពឹងថា យុវជនរូបនេះនឹងអាចស្នងតំណែងរៀមច្បងដូចជា គួច សុកុម្ភៈ និង សុះ ស៊ូហាណា ជាដើម។

ពាក់ព័ន្ធមតិទាំងនេះ កីឡាករមានប្រភពនៅរាជធានីភ្នំពេញខាងលើបានអះអាងថា ខ្លួនពិតជារីករាយចំពោះពាក្យសរសើរទាំងនោះ តែចំពោះខ្លួនគេផ្ទាល់ តែងប្រាប់ខ្លួនឯងថា ពុំទាន់ល្អគ្រាប់គ្រាន់ទេ ត្រូវប្រឹងប្រែងបន្ថែមទៀត។

«ខ្ញុំសូមអរគុណ និងសូមទទួលយកចំពោះការសរសើររបស់បងប្អូនអ្នកគាំទ្រ ដែលគិតថាខ្ញុំអាចនឹងស្នងតំណែងរៀមច្បងមុនៗបាន។ ជាការពិត សម្រាប់ខ្ញុំផ្ទាល់ខ្ញុំតែងមានពាក្យមួយឃ្លានៅក្នុងចិត្ត ខ្ញុំតែងប្រាប់ខ្លួនឯងថា អត់ទាន់គ្រប់គ្រាន់ទេ។ ខ្ញុំគិតថា ខ្ញុំនៅក្មេងខ្ចី​ត្រូវការបទពិសោធជាច្រើន ហើយប្រឹងប្រែងខ្លួនឯងឲ្យខ្លាំង ដើម្បីអភិវឌ្ឍន៍សមត្ថភាពឈានទៅចំនុចខ្ពស់មួយទៀត»

យ៉ាងណាក្ដី ប៉ូលីន ទទួលស្គាល់ថា ការវិវឌ្ឍខ្លួនទៅកាន់កម្រិតខ្ពស់ជាងមុន ពុំមែនជារឿងងាយស្រួលនោះឡើយ ពោលត្រូវមានការតាំងចិត្ត អំណត់អត់ធន់ និង ប្រឹងប្រែងទ្វេដង។ ការហ្វឹកហាត់ត្រឹមត្រូវ ទាញយកបទពិសោធពីរៀមច្បង និង វិន័យផ្ទាល់ខ្លួនម៉ឺងម៉ាត់ ជាអ្វីដែលខ្សែបម្រើរូបនេះចាត់ទុកជាចលកររុញច្រានគេទៅកាន់ភាពរីកចម្រើន។

សូមបញ្ជាក់ផងដែរថា យុវជនវ័យ២០រូបនេះ ធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិក្រុមធំកាលពីឆ្នាំ២០១៧។គេចាំបានថា អ៊ន ចាន់ប៉ូលីន បានចូលមករួមរស់ជាមួយភ្នំពេញក្រោនតាំងពីឆ្នាំ២០១១ ក្នុងនាមជាយុវជនថ្នាលជាមួយមិត្តរួមក្រុមជាច្រើនទៀត ដែលជ្រើសបានពីការសាកល្បងសមត្ថភាពទូទាំងប្រទេស៕