(តូរីន)៖ ក្រុមការពារតំណែងជើងឯក សេះបង្កង់ Juventus បានជ្រុះចេញពីពានរង្វាន់លំដាប់ទី២ អ៊ីតាលី Coppa Italia ក្រោយចាញ់ស្ពឹកមុខក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Atalanta ក្នុងវគ្គ៨ក្រុមចុងក្រោយ ខណៈក្រុមខ្លាំង AS Roma ក៏មិនអាចឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានដូចគ្នា បន្ទាប់ពីចាញ់ Fiorentina ១-៧ ផងនោះ។

ក្នុងជំនួបខ្លាំងប៉ះខ្លាំងនារាត្រីថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០១៩ Atalanta រកបានគ្រាប់បាល់បំប៉ោងទីបានដោយខ្សែប្រយុទ្ធ Duvan Zapata ២គ្រាប់ នៅនាទីទី៣៩ និងនាទីទី៨៦ ហើយមិត្តរួមក្រុម Timothy Castagne រកបាន ១គ្រាប់ នៅនាទីទី៣៧ ចប់ការប្រកួតក្រុម Atalanta បំបាក់ Juventus ៣-០ មិនឲ្យតដៃរួចឡើយ។

១ប្រកួតទៀតរវាងក្រុមម្ចាស់ផ្ទះ Fiorentina ស្វាគមន៍ក្រុមភ្ញៀវ AS Roma ខណៈកីឡាករខ្សែប្រយុទ្ធ Federico Chiesa ធ្វើបានហែតទ្រីក នៅនាទីទី៧ ១៨ និងនាទី៧១ និងមិត្តរួមក្រុម Luis Muriel, Marco Benassi និងខ្សែប្រយុទ្ធ Giovanni Simeone រកបាន ២ផងដែរ។

តាមរយៈលទ្ធផលនេះ ក្រុមការពារតំណែងជើងឯក Juventus និង Roma បានធ្លាក់ចេញពីពានរង្វាន់នេះ គ្រាដែលក្រុមសេះបង្គង់ Juventus ធ្លាប់ឈ្នះពាននេះ ១៣សម័យកាល និង Roma ក៏ជាម្ចាស់ជើងឯក ៩សម័យកាលផងដែរ គ្រាដែលនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Fiorentina ត្រូវប៉ះ Atalanta និង AC Milan ត្រូវរង់ចាំក្រុមឈ្នះរវាង Inter Milan ទល់នឹង Lazio រាត្រីនេះ៕