(ភ្នំពេញ)៖ តារាសម្តែងស្រីសាច់សខ្ចី កញ្ញា លីលី មួយរយៈមុន នាងត្រូវបានអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍ និងកោតសរសើរគ្រប់គ្នា ព្រោះនាងមានចិត្តក្លាហ៊ាន ជួយសម្រាលកូនឱ្យស្រ្តីកម្សត់ម្នាក់ នៅលើផ្លូវសាធារណៈ ប្រៀបបាននឹងគ្រូពេទ្យជំនាញផ្នែកសម្រាលអ៊ឹចឹង។ ខណៈសកម្មភាពទាំងនេះ ក្រៅពីមហាជនកោតសរសើរ ក៏មានអ្នកខ្លះចង់ដឹងថា តើនាងចេះវិជ្ជាពេទ្យឬយ៉ាងណា? ចម្ងល់ទាំងនេះ​ នាងនឹងមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ លីលី គឺជាតារាសម្តែងម្នាក់ ដែលមានប្រជាប្រិយភាពសមល្មម ដោយទីផ្សារសិល្បៈរបស់នាង ហាក់មមាញឹកគួរសម ព្រោះនាងទើបតែបញ្ចប់ការថតរឿងថ្មីមួយ ឱ្យផលិតកម្មមហាហង្ស គឺរឿង «កាំបិតមុខ២»។ ក្រៅពីនេះ រាល់កម្មវិធីសិល្បៈតូចធំនានា ទស្សនិកជនតែងតែឃើញវត្តមានរបស់នាង ចូលរួមជាហូរហែរផងដែរ។ ក្រៅពីការងារសិល្បៈ នាងត្រូវបានគេឃើញថា នាងបានធ្វើសកម្មភាព សប្បុរសធម៌មួយចំនួន ជួយដល់សង្គម ដូចជាការចែកអំណោយដល់អ្នកមានជីវភាពខ្វះខាតជាដើម។

យ៉ាងណាមិញ រាល់ចម្ងល់របស់មហាជន ទាក់ទងនឹងការងារផ្ទាល់ខ្លួន និងរឿងរ៉ាវស្នេហារបស់នាង កញ្ញា លីលី នឹងមកបង្ហាញដល់ទស្សនិកជន តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅចុងសប្តាហ៍នេះ ដើម្បីឱ្យទស្សនិកជនជ្រាប់កាន់តែច្បាស់។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងដដែល៕