(ភ្នំពេញ)៖​ ក្រុមបាល់ទាត់ Cambodia All Stars នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នាថ្ងៃទី០៤ ខែកុម្ភៈដើមសប្ដាហ៍ក្រោយ ដើម្បីត្រៀមប្រកួតមិត្តភាពជាមយយក្រុមខ្លាំងថៃ Muangthong United នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខ ។ នេះបើតាមការឲ្យដឹងរបស់លោក ភា សុភ័ក្ដ្រា គ្រូបង្គោលរបស់ក្រុម Cambodia All Stars។

ទោះបីមកទល់ពេលនេះ សមាជិកក្រុម Cambodia All Stars មិនទាន់បង្ហាញក្ដី ប៉ុន្ដែលោក ភា សុភ័ក្ដ្រា បានអះអាងថា បានជ្រើសរើសកីឡាករចំនួន ២៥នាក់ហើយជាស្រេច ដើម្បីធ្វើការប្រមូលផ្ដុំ នាដើមសប្ដាហ៍ក្រោយ ហើយលោកក៏មានការជឿជាក់ខ្ពស់លើកូនក្រុមខ្លួនដែរ បន្ទាប់ពីលោកធ្វើការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ទោះមិនប្រើប្រាស់កីឡាករក្រៅស្រុក ដូចជា ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ក៏ដោយ។

ទន្ទឹមជាមួយការបញ្ជាក់ពេលវេលាប្រមូលផ្ដុំ គ្រូបង្វឹកមកពីក្លឹបក្រសួងការពារជាតិដដែល ក៏បានឲ្យដឹងដែរថា នឹងមានការប្រកួតមិត្តភាពមួយ នៅថ្ងៃទី០៦ ខែកុម្ភៈ មុនឈានដល់ការប្រកួតផ្លូវការ គឺជួបក្រុម African All Stars។ ចំពោះការត្រៀមលេងជាមួយក្រុម Muangthong United វិញ លោក ភា សុភ័ក្ដ្រា បានបង្ហើបថា នឹងប្រើប្រាស់ប្រព័ន្ធលេង ៤-២-៣-១ ព្រោះលោកជឿជាក់លើសមត្ថភាពកូនក្រុម ដែលលោកជ្រើសរើសមក៕