(បាសេឡូណា)៖ លោក Ernesto Valverde ដែលជាអ្នកចាត់ការទូទៅនៃក្លឹប FC Barcelona របស់អេស្ប៉ាញ បានបង្ហើបអំពីកីឡាករ Denis Suarez នឹងផ្ទេរទៅកាន់ក្លឹបអង់គ្លេស កាំភ្លើងធំ Arsenal ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងពេលរដូវ កាលដោះដូរកីឡាករនាខែមករា ឆ្នាំ២០១៩ នេះ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញខាងលើ ក៏បានជូនពរឲ្យកីឡាករក្មេងរូបនេះជួបសំណាងល្អនៅក្នុងក្របខណ្ឌ Premier League ជាក់ស្តែងក្រុមកាំភ្លើងធំ Arsenal ក៏កំពុងតែព្យាយាមនាំយកខ្សែបម្រើ Suarez មកកាន់ទឹកដីកីឡដ្ឋាន Emirates ប៉ុន្តែវាត្រូវបានរារាំងខណ: Barca មិនមានឆន្ទៈក្នុងការសម្រេចកិច្ចសន្យាខ្ចីជើងនោះទេ ក្នុងរយៈពេលជាច្រើនខែមកនេះ។

លោក Valverde បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងខ្ចីជើងនេះនឹងត្រូវបានគេប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ គ្រាដែលខ្សែបម្រើប្រយុទ្ធ Denis Suarez បានផ្ទេរមកពីក្លឹប Villarreal ក្នុងឆ្នាំ២០១៦ មកកាន់ Barcelona ដោយរកបាន ៨គ្រាប់ ក្នុងចំណោម ៧១ប្រកួតរបស់គេនៅកីឡដ្ឋាន Camp Nou៕