(ភ្នំពេញ)៖ ស្នាដៃបទចម្រៀងពីរោះៗ​ជាច្រើនបទ ត្រូវបានផលិតកម្មសាន់ដេ ជ្រើសរើសយកមករំឭក និងចែករំលែក ពាសពេញបណ្តាញសង្គម នៅប៉ុន្មាននាទីមុននេះ ក្រោយតារាចម្រៀងស្រី ខេមរៈ ស្រីពៅ បានលាចាកលោកនេះ​ទៅកាន់លោកខាងមុន ដោយសារជំងី​សួត និងក្រលៀន ខណៈដែលថ្ងៃនេះ គឺជាថ្ងៃរៀបចំបុណ្យគម្រប់៧ថ្ងៃនៃ​បុណ្យសព របស់ខេមរៈ ស្រីពៅ ផងដែរ​។ បទចម្រៀងល្បីៗ ជាច្រើនបទ ដែលជាបទបែបមនោសញ្ចេតនាស្នេហា បែបកម្សត់ ដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើ នឹករឭកដល់រូបនាង និងស្តាយស្រណោះគ្រប់ៗគ្នា ពេលឮសំនៀងនាង តាមរយៈចម្រៀងជាច្រើនបទ ដែលសុទ្ធសឹងតែជាបទចម្រៀង ល្បីៗរបស់ តារាចម្រៀង ខេមរៈ ស្រីពៅ ស្ដាប់ពិតជាកំសត់ ក៏ដូចជាសែនស្រណោះ ដល់រូបនាងជាខ្លាំង។

បទចម្រៀងល្បីៗ ប្រមាណ១០បទ ត្រូវបានផលិតកម្មសាន់ដេ លើកយកមកបង្ហាញ ក៏ដូចជារំឭក ដល់សំនៀងដ៏មានទឹកដម និងក្រអួនក្រអៅ របស់តារាចម្រៀង ខេមរៈ ស្រីពៅ ធ្វើឲ្យទស្សនិកជន​ជាច្រើន ស្ទើរតែស្រក់ទឹកភ្នែក ​​ក្រោយពេលបានឮតែសំនៀង ខណៈដែលរាងកាយ របស់នាងត្រូវរលាយបាត់បង់​ពីលើលោកនេះហើយ។ បទចម្រៀងកម្សត់ៗ​ទាំង១០នោះ ដែលសាន់ដេ បានជ្រើសរើស ដើម្បីរំឮកដល់ កញ្ញា ខេមរៈ ស្រីពៅ នោះ រួមមានដូចជា «លើសពី Fan បានអត់», «ក្លាយជាមេរំខាន ព្រោះស្រឡាញ់បង», «អវត្តមានបទជីវិតអូនរស់សុខគ្រាន់បើ»,«ត្រឹមមនុស្សសម្រាប់បងលេងសើច», «រស់គ្មានបងមិនបាន», «សុខៗប្រាប់ថាបែក», «ចង់បែកក៏បែកបាន», «ប៉ុន្មានម៉ោងទៀតទើបបងចេះស្មោះ», «ខឹងប្រចណ្ឌព្រោះស្នេហ៍បង» និង «គេក្បត់យ៉ាងណាក៏ទ្រាំ»។

គួររំឭកផងដែរថា តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាព នៅថ្ងៃទី​ ២៥ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ដោយសារ​ជំងឺសួត និងក្រលៀន​ធ្ងន់ធ្ងរ ខណៈដែលថ្ងៃនេះ គឺជាថ្ងៃរៀបចំ​បុណ្យ៧ថ្ងៃ​ របស់កញ្ញា ខេមរៈ ស្រីពៅ​។ សូមវិញ្ញាណក្ខន្ធ របស់កញ្ញា ទៅកាន់សុគិភពកុំបី ឃ្លៀងឃ្លៀតឡើយ​៕

សូមប្រិយមិត្តទស្សនិកជន តាមដានសណ្ដាប់ ជាមួយនឹងបទចម្រៀងរបស់ កញ្ញា ខេមរៈ ស្រីពៅ ដូចតទៅ​៖