(ភ្នំពេញ)៖ បច្ចុប្បន្នបទចម្រៀងប្រភេទរ៉េប កំពុងក្លាយជាប្រធានបទក្តៅមួយ ក្នុងបណ្តាញសង្គមខ្មែរ ដោយមហាជនសង្កេតឃើញថា មានតារាប្រុសពីរដួង គឺ ខ្មែរ១ជីវិត និង ងួន ចាន់ដេវីត កំពុងតែច្រៀងរ៉េប មានបង្កប់នូវអត្ថន័យវាយប្រហារពាក្យសំដី និងហែកកេរ្តិ៍គ្នាទៅវិញទៅមក ក្នុងពាក្យអសុរសជាច្រើន។​ ខណៈសកម្មភាពទាំងនេះ ហាក់មិនមានអ្វី គួរឱ្យទស្សនិកជនសាទរនោះទេ ផ្ទុយទៅវិញប្រៀបបាននឹងការជាន់ឈ្លី ឬប្រមាថវិស័យសិល្បៈទៅវិញ ព្រោះទស្សនិកជនគិតថា តារាទាំងនោះកំពុងយកសិល្បៈជាឈ្នាន់ ដើម្បីបំពេញនូវអ្វី ដែលពួកគេធ្វើតែប៉ុណ្ណោះ។ ទាំងនេះជាហេតុបង្កើតបាន មន្ទិលមួយដល់មហាជនថា តើបទ Rap នេះ គេយកមកច្រៀងតែសម្រាប់ ការជេរប្រមាថគ្នា ឬយ៉ាងណា?

ជាការពិត បទចម្រៀងប្រភេទរ៉េប មានការពេញនិយមច្រៀង និងស្តាប់តាំងពីអំឡុង ឆ្នាំ១៩៩១ មកម្ល៉េះ នៅខាងប៉ែកអ៊ឺរ៉ុប។ ភាគច្រើនក្នុងអត្ថន័យ នៃចម្រៀងប្រភេទនេះ ត្រូវបានអ្នកនិពន្ធសរសេរឡើង ដោយមានបង្កប់នូវ រឿងរ៉ាវស្នេហាផ្អែមល្ហែម ឬបែកបាក់គ្នា ឬក៏និយាយពីការតស៊ូក្នុងជីវិត ឬនិពន្ធឡើងដើម្បី ច្រៀងផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់ពួកគេ ទៅកាន់ពិភពលោកជាដើម។ បើនិយាយឱ្យចំគឺ គឺមិនប្រកាន់ថា ត្រូវតែច្រៀងក្នុងអត្ថន័យអ្វីមួយឱ្យប្រាកដនោះទេ គឺអាចប្រែប្រួលទៅតាមអ្វី ដែលអ្នកនិពន្ធចង់បាន។

ក្នុងភាសាខ្មែរ ពាក្យថា «រ៉េប» គ្រាន់តែជាភាសាកម្ចីពីបរទេសប៉ុណ្ណោះ។ តាមពិតទៅ ចម្រៀង រ៉េប មានដើមកំណើតមកពី ពួក «Sublime» ដែលជាក្រុមតន្រ្តីករ ជនជាតិអាមេរិក នៅ រដ្ឋកាលីហ្វ័រញ៉ា ខណៈក្រុមនេះបានបង្កើតឡើងនៅឆ្នាំ ១៩៨៨។​ ទោះបីជាបទប្រភេទនេះ មានប្រជាប្រិយភាពខ្លាំង ទទួលបានការគាំទ្រពីទស្សនិកជនច្រើនក៏ដោយ តែក្រុមតន្រ្តីករ «Sublime» នៅតែស្ទាក់ស្ទើរក្នុងការច្រៀង អំឡុងពេលមានការផ្សាយផ្ទាល់ ព្រោះវាមានភាពលំបាក ដោយសារតែត្រូវច្រៀង ញាប់ៗ និងច្បាស់ៗ ហើយពីមួយឃ្លារទៅមួយឃ្លារ គឺមានការជួន ប្រទាក់ក្រឡាគ្នា ជាមួយនឹងចង្វាក់ Rap។

បន្ទាប់ពីក្រុមនេះ មានភាពល្បីល្បាញ និងចេញអាល់ប៊ុមចម្រៀងជាបន្តបន្ទាប់ បទប្រភេទ Rap បើគិតមកទល់នឹងបច្ចុប្បន្ន ត្រូវបានបណ្តាប្រទេសជាច្រើន កែច្នៃយកទៅច្រៀង ដោយនិពន្ធចេញ ជាអត្ថន័យផ្សេងៗពីគ្នា។ ទោះជាបែបនេះក្តី តែភាគច្រើន គេតែងតែឃើញថា ចម្រៀង រ៉េប ភាគច្រើន គឺនិយាយពីរឿងស្នេហា ពោលគឺមិនងាយឃើញមានតារារូបណា រ៉េប ជាលក្ខណៈជេរប្រមាថគ្នានោះទេ។

ងាកមក ទំនាស់ពាក្យសំដី វាយប្រហារគ្នា តាមរយៈចម្រៀង រ៉េប របស់ ងួន ចាន់ដេវីត មានចំណងជើងថា «អាភេ» និង របស់ ខ្មែរ១មួយជីវិត មានចំណងជើងថា «ប៉ារូពិឃាដ» វិញ ត្រូវបានទស្សនិកជនភាគច្រើន សម្តែងនូវការមិនពេញចិត្ត ព្រមទាំងហួសចិត្តយ៉ាងខ្លាំង ចំពោះតារាទាំងពីរដួង ដែលនាំគ្នានិពន្ធចម្រៀងរ៉េបទាំងនេះ ឡើង ដើម្បីឌឺដងគ្នា ជាសាធារណៈ មិនឱ្យតម្លៃសិល្បៈ ផ្ទុយទៅវិញ បើតារាទាំងនោះ យកពេលវេលា ទៅនិពន្ធចម្រៀងណា ដែលមានអត្ថន័យឡើងស្ទួយសិល្បៈ ឬវប្បធម៌ គឺជាការល្អបំផុត ជាជាងការជាន់ឈ្លីបន្ថែម៕