(ភ្នំពេញ)៖​ សូមអបអរសាទរ​ ក្រុមបាល់ទាត់​ Mohahong All Star Football Team​ ដែលបានឈ្នះការប្រកួតទៀតហើយ​ ក្នុងជំនួបប្រកួតជាមួយក្រុម​ នាគអាស៊ី​ កាលពីម្សិលមិញនេះ​ ជាលទ្ធផលរកគ្រាប់បាល់បាន ៣-២​ ក្នុងការប្រកួតដណ្តើមពាន​ KMH Champions League 2019។

សាកសម នឹងឈ្មោះ​ ប្រកួតមិនដែលចាញ់​ ក្រុមបាល់ទាត់​ Mohahong All Star Football Team​ របស់ផលិតកម្មមហាហង្ស​ មិនថាជួបការប្រកួតបែបណា​ គូប្រកួតខ្លាំងយ៉ាងណា​ គឺតែងតែប្រឹងប្រែងរកជ័យលាភីមកឲ្យក្រុមជានិច្ច។

តួយ៉ាងកាលពីម្សិលមិញនេះ​ ក្រុមបាល់ទាត់​ មហាហង្ស​ បានប៉ះក្រុម​ នាគអាស៊ី​ ក្រោយពីប្រកួតយ៉ាងស្វិតស្វាញមក​ ជាលទ្ធផលឃើញថា​ ក្រុមមហាហង្ស​ បានរកគ្រាប់បាល់បាន​ ៣គ្រាប់​ ចំណែកក្រុម​ នាគអាស៊ី​ បានរកគ្រាប់បាលបាន​២គ្រាប់។ ហើយគិតមកដល់ពេលនេះ​ ក្រុមមហាហង្សបានឈ្នះការប្រកួត​ ២ប្រកួត​ បាន៦ពិន្ទុឈរលេខ១ នៅក្នុងតារាង។ ក្នុងការប្រកួតពាន​ KMH Champions League 2019។

បើតាម​លោក​ អ៉ិន​ សុភិន​ បានប្រាប់ឲ្យដឹងថា​ ការប្រកួតម្សិលមិញនេះ​ គឺមានការខំប្រឹងពីសំណាក់​ កីឡាករ​ ក្នុងក្រុមច្រើនមែនទែន​ រហូតទទួលបានជោគជយ​ ព្រោះថាការ​ប្រកួត​មួយៗ​ ទម្រាំជោគជយមិនងាយស្រួលទេ​ ទោះយ៉ាងណាកាលពីម្សិលមិញនេះ​ មានកីឡាករក្នុងក្រុមប្រមាណ១១នាក់រងរបួស​ ហើយនេះជាលើកទី១ហើយ សម្រាប់កីឡាករក្នុងក្រុម​ ដែលមានបញ្ហាបែបនេះ។

បើទោះបីជាការប្រកួតម្សិលមិញ​ បានបញ្ចប់ទៅដោយជោគជ័យ​ក៏ពិតមែន​ តែមិនបានធ្វើឲ្យអ្នកគាំទ្រ ដែលទស្សនា​ការប្រកួត​ ហាក់មិនសប្បាយចិត្តដោយសារតែ​ ភាពលំអៀង​ និងគ្មានតម្លាភាព​ របស់អាជ្ញាកណ្តាល​ ក្នុងការប្រកួតនោះទេ។

ទាក់ទងទៅនឹងរឿងនេះផងដែរ​ លោក​ អ៉ិន​ សុភិន​ បាន​ប្រាប់ឲ្យដឹងថា​ សម្រាប់រឿងនេះ​ គឺជាការមើលឃើញរបស់អ្នកទស្សនា​ និងអ្នកគាំទ្រផ្ទាល់​ លោកមិនចង់និយាយអ្វីច្រើនទេ។ ប៉ុន្តែលោកក៏ ស្នើរឲ្យអាជ្ញាកណ្តាល​គួតែមានតម្លាភាព​ កុំលំអៀងទៅម្ខាងៗព្រោះថាការធ្វើបែបនោះដូចជា​ បំបាក់ទឹកចិត្តកីឡាករ​ ក្នុងនាមជាអាជ្ញាកណ្តាល​ ត្រូវតែមានតម្លាភាព​ និងភាពយុត្ថិធម៌ដល់កីឡាករ​ ក៏ដូចជាលើកទឹកចិត្ត ដល់វិស័យកីឡាផងដែរ។

សូមជម្រាបផងដែរថា​ ការប្រកួតម្សិលមិញនេះ​ មានតារា​ចម្រៀង​ លោក​ គូម៉ា​ ,លោក​ ភឹម​ តារាវិបុល​,​ លោក​ សេង​ មង្គ​ល​ ដែលមានឈ្មោះពិតថា​ (ហោ​ គឹមសេង)​ ,តារាផ្សេងៗ​ មួយចំនួនទៀត​ និងក្រុមបច្ចេកទេស​ របស់ផលិតកម្មមហាហង្ស​ ផងដែរ។ ហើយបើមិនមានអ្វីប្រែប្រួលទេ​ ក្រុមបាល់ទាត់​ Mohahong All Star និងប៉ះប្រកួត​ ជាមួយក្រុម​ អាណាចក្របៃតង​ នៅថ្ងៃទី១៤​ ខែកុម្ភៈ​ ខាងមុខនេះ​ផងដែរ៕