(ក្រុងឡុងដ៍)៖ សហព័ន្ធកីឡា UFC បានពិន័យអ្នកប្រយុទ្ធគុនចម្រុះ Khabib Nurmagomedov ជាទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ និងផ្អាកឡើងសង្វៀន ៩ខែ គ្រាដែល Conor McGregor របស់អៀរឡង់ ត្រូវបានផ្អាកការប្រកួតក្នុងរយៈពេល ៦ខែ និងពិន័យជាប្រាក់ប្រមាណ ៥ម៉ឺនដុល្លារក្រោយកីឡាករទាំងពីរ និងក្រុមបក្ខពួករបស់គេបានបង្កបញ្ហាក្នុងការប្រកួតនៃកម្មវិធី UFC 229 កាលពីខែតុលា ឆ្នាំ២០១៨។

បើនិយាយពីការប្រកួតពេលនោះ ម្ចាស់ខ្សែក្រវាត់ពិភពលោក កីឡាកររុស្សី Khabib ជាប់បម្រាមមិនបានប្រកួត ៩ខែ និងពិន័យជាប្រាក់ ៥០ម៉ឺនដុល្លារ ដោយបញ្ហាលោតចេញពីសង្វៀននិងបានទៅបង្កការវាយតប់នៅខាងក្រោយសង្វៀនប្រកួត បន្ទាប់ពីយកឈ្នះលើអ្នកប្រយុទ្ធ McGregor ដោយភ្លាមៗនោះ McGregor ក៏បានប៉ះទង្គិចជាមួយក្រុមបក្ខពួករបស់ Khabib វិញផងដែរ។

ក្នុងនោះមិត្តរបស់ Khabib ២នាក់ដែលជាកីឡាករគុនចម្រុះផងនោះ រួមមានកីឡាករ Abubakar Nurmagomedov និងកីឡាករ Zubaira Tukhugov ក៏ត្រូវបានពិន័យដូចគ្នាមិនឲ្យចូលប្រកួតរយៈពេល ១ឆ្នាំ និងពិន័យប្រាក់ ២៥ ០០០ដុល្លារ និងគ្នីគ្នា ៣នាក់ទៀត ត្រូវបានចាប់ខ្លួនអំឡុងពេលមានជម្លោះខាងលើកើតឡើង តែក្រោយមកត្រូវបានគេដោះលែងវិញ។

គួរបញ្ជាក់ផងថា មុនពេលបញ្ហានេះកើតឡើង គឺបណ្តាលមកពីមានអ្នកគ្រាំទ្របានគប់វត្ថុអ្វីមួយទៅលើកីឡាករ Khabib ហើយក៏បានកើតឡើងជាជម្លោះបែបនេះ៕