(ភ្នំពេញ)៖ ជាការកត់សម្គាល់ចាប់តាំងពីចេញដំបូង នៃបទចម្រៀងមានចំណងជើងថា «កុំហៅខ្ញុំថាស្រីចាស់» ដែលជាសំនៀងរបស់តារាស្រី កញ្ញា គង់ ចាន់រដ្ឋា រួចមក គឺទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វ័យ។ មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែ ធ្វើឲ្យតារាស្រីរូបនេះ ជោគជ័យថែមទៀតនោះ គឺអំឡុងពេលដែលបទចម្រៀង «កុំហៅខ្ញុំថាស្រីចាស់» ត្រូវបានចេញ Full MV និងត្រូវបានផ្សព្វផ្សាយ លើបណ្តាញសង្គមយូធូប និងហ្វេសប៊ុកនោះ ក៏កាន់តែមានសន្ទុះនៃការគាំទ្រខ្លាំងទៀតផង។

Full MV បទចម្រៀងមានចំណងជើងថា «កុំហៅខ្ញុំថាស្រីចាស់» ត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គម YouTube និងហ្វេសប៊ុក មួយរយៈពេលខ្លី រួចមក ក៏ត្រូវបានគេសម្គាល់ឃើញថា មានភាពជោគជ័យស្ទើរនឹកស្មានមិនដល់ ដោយមានការចាប់អារម្មណ៍ខ្លាំ និងចំនួននៃអ្នកចូលទស្សនា គឺចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពោលគឺមិនចាញ់គ្នា កាលដែលមិនទាន់ចេញFull MV ឡើយ។

ទាំងសាច់រឿង និងស្នាដៃនិពន្ធទំនុកច្រៀងថ្មី ដ៏ប៉ិនប្រសព្វ និងមានទេពកោសល្យ ពីសំណាក់ កញ្ញា លឹម ផាន់ណា បានធ្វើឱ្យចម្រៀងមួយនេះ មានសន្ទុះខ្លាំង ព្រោះត្រូវនឹងសាច់រឿងយុវវ័យ នាពេលបច្ចុប្បន្ន រួមផ្សំទាំងទឹកដមសំនៀងដ៏ពិរោះ ពីរបស់ កញ្ញា គង់ ចាន់រដ្ឋា លាយឡំនឹងការសម្តែង MV ដ៏ទាក់ទាញផងនោះ រឹតតែធ្វើឱ្យចម្រៀងមួយនេះផ្ទុះខ្លាំងថែមទៀត។

សូមបញ្ជាក់ថា ការរក្សាបាននូវប្រជាប្រិយភាព និងការគាំទ្រពីសំណាក់តារាចម្រៀងរូបស្រស់ កញ្ញា គង់ ចាន់រដ្ឋា ក៏ព្រោះតែទស្សនិកជន កត់សម្គាល់ឃើញថា នាងបានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស ក្នុងទីផ្សារចម្រៀង និងក៏បានប្រែក្លាយខ្លួន ជាតារាចម្រៀង Original Song ប្រជែងលើទីផ្សារសិល្បៈនាពេលបច្ចុប្បន្ន។ ម្យ៉ាងទៀត ជាបន្តបន្ទាប់ស្រីស្រស់រូបនេះ ក៏មិនទុកឱកាសឲ្យទីផ្សារចម្រៀងរបស់ខ្លួន ឈរទ្រឹងមួយកន្លែងនោះដែរ ពោលគឺ តែងចេញបទចម្រៀងថ្មី និងប្លែកៗ ដើម្បីកំដរអារម្ម៍ទស្សនិកជន មិនចេះដាច់ផងដែរ៕