(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខពីពិភពសិល្បៈភាពយន្ត អស់រយៈពេលមក លោក ហួរ សុផល ម្ចាស់​ផលិតកម្ម ក្លា​ស៊ិ​ក បានបង្ហាញវត្តមាននូវភាពយន្តថ្មី របស់ខ្លួន មានចំណងជើងថា «ម៉ា​ដាម​អាប» ដែលមានរសជាតិប្លែកចំឡែកអារម្មណ៍ ធ្វើឲ្យអ្នកទស្សនា សរសើរមិនដាច់ពីមាត់ថា ពិតជាល្អមើល និងមានភាពទាក់ទាញជារឿងមុនៗ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធ នាពេលថ្មីៗនេះ ​​​ម្ចាស់​ផលិតកម្ម ក្លា​ស៊ិ​កលោក ហួរ សុផល បានឲ្យដឹងថា រឿង «ម៉ា​ដាម​អាប» គឺជា​ស្នាដៃ​ទី ៨ របស់លោក ដែល​ផលិតឡើង​យ៉ាង​សម្រិតសម្រាំង​បំផុត ​រហូត​ចំណាយពេល​វេលា​ផលិត​​ ដល់​ទៅ​ជាង​មួយឆ្នាំ ​ហើយ​បានជ្រើសរើស​យក​ទីតាំង​ថត​ស្អាត​ជាច្រើន​កន្លែង ទាំង​នៅ​ខេត្តកំពត និងនៅតាម​តំបន់​កម្សាន្ត​ជាច្រើន។

លោកបន្តថា រឿងនេះ​​​​ប្រជុំ​ទៅដោយខ្មោច​ប្លែកៗ​ពីគ្នា ​ទាំងខ្មោចនាង​នាថ ខ្មោច​ដើម​ចេកជ្វា, ព្រះ​ម៉ែ​នាគ ដែល​ម្នាក់ៗ​តុបតែង​ខ្លួន​ខុសប្លែក​ពីគ្នា ដែល​ធ្វើឲ្យ​សាច់រឿង​ទាំងមូល​កាន់តែ​ល្អមើល ហើយ​រឿងនេះ​ប្រជុំ​ទៅដោយ​តារា​ល្បីៗ​ជាច្រើន​ដូចជា អ្នកនាង កា​តុ, ញឹម ចាន់ថន, កញ្ញា ស៊ី​ស៊ី, រំដួល​លិច​ទឹក រួមជាមួយ​តារា​ល្បីៗ​ជាច្រើន​រួប​ទៀត​។​

លោក ហួរ សុផល រំពឹងទុក​ថា រឿង «ម៉ា​ដាម​អាប» នឹង​ផ្ទុះ​ខ្លាំង​មាន​អ្នកចូលរួម​គាំទ្រ​ច្រើន ​មិន​ចាញ់​ស្នាដៃ​មុនៗ​របស់លោក​ឡើយ​។ ជាមួយនឹង​ក្តី​រំពឹង​នេះ លោក ហួរ សុផល ក៏​ត្រៀម​នឹង​បង្ហាញ​ស្នាដៃ​ទី ៩ របស់ខ្លួន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ផងដែរ​។​ នៅក្នុង​ថ្ងៃ​បើកសម្ពោធ​ដាក់​បញ្ចាំង​រឿង «ម៉ា​ដាម​អាប» ក៏មាន​វត្តមាន​សិល្បករ​-សិល្បការី​នី​ជាច្រើន​ ចូលរួម​អបអរសាទរ​ផងដែរ។

​សូមបញ្ជាក់ថា តាម​គម្រោង​រឿង «ម៉ា​ដាម​អាប» នឹងដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០១៩ នេះ​បន្ទាប់ពី​សម្ពោធ​ដាក់​បញ្ចាំង​​រួចរាល់ ដែលមាន​សិល្បករ​-សិល្បការី​នី​ល្បីៗ​ជាច្រើន​ចូលរួម​អបអរសាទរ​។ នៅក្នុង​ថ្ងៃ​ដាក់​បញ្ចាំង​នោះ​​ បានធ្វើឱ្យ​អ្នកទស្សនា​ជាច្រើន​លាន់មាត់​សរសើរ​ ពី​ស្នាដៃ​ថ្មី​របស់លោក ហួរ សុផល ថា​ពិតជា​ល្អមើល​នឹង​ទាក់ទាញ ជាពិសេស​ត្រង់​ឈុតខ្មោចលង ដែលមាន​លាយឡំ​ជាមួយ​ពាក្យ​កំប្លែង ធ្វើឲ្យ​ផ្ទុះសំណើច​ពេញ​រោង​ភាពយន្តតែម្តង៕