(បន្ទាយមានជ័យ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញនូវសមិទ្ធផលថ្មីមួយទៀតហើយ គឺទីលានបាល់ ទាត់ស្ដង់ដារ សម្រាប់សាលាតម្រង់ទិសកីឡាបាល់ទាត់ នៅខេត្តបន្ទាយមានជ័យ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់កាល ពីពេលថ្មីៗ។

ទីលានសម្រាប់សាលាតម្រង់ទិស នាខេត្តទល់ដែនថៃនេះ គឺស្ថិតនៅភូមិខ្លាកូន ឃុំកំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ដែល សាងសង់សម្រាប់ផ្ដល់ឱកាសដល់យុវជន បានចូលរួមហ្វឹកហាត់ និងសម្រេចទិសដៅចង់ក្លាយជាកីឡាករអាជីព ជាមួយ ផែនការសាលាតម្រង់ទិសបាល់ទាត់ទូទាំង ២៥ខេត្ត-ក្រុងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

បើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ នេះគឺជាទីលានស្ដង់ដារទី៥ ហើយ ដែលសហព័ន្ធបានសាងសង់រួច និងដាក់ឲ្យប្រើប្រាស់ បន្ទាប់ពីកីឡដ្ឋានខេត្តកំពត ទីលានខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រះវិហារ ដែលបានដាក់ឲ្យប្រើប្រាស់កាលពីពេលកន្លងទៅ ហើយសហព័ន្ធបាននឹងកំពុងខិតខំសាងសង់ទីលានស្ដង់ដារជាបន្ដបន្ទាប់ ក្រោមការចង្អុលបង្ហាញរបស់លោក សៅ សុខា ប្រធានសហព័ន្ធ ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ និងថ្ងៃអនាគត៕