(ឌូបៃ)៖ ក្រុមកំពុងឡើងជើងខ្លាំងកាតា បានយកឈ្នះក្រុមម្ចាស់ផ្ទះអារ៉ាប់រួម ៤-០ ក្នុងការប្រកួតវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ដែលការប្រកួតធ្វើឡើងនាថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩។

ក្រុមកាតា បានបើកការនាំមុខក្នុងការប្រកូតដោយការស៊ុតពីកីឡាករ Boualem Khoukhi នៅនាទីទី២២ និងកីឡាករ Almoez Ali រកបានគ្រាប់ទី២ នៅនាទីទី៣៧ ហើយខ្សែប្រយុទ្ធ Hassan Al Haidos ស៊ុតគ្រាប់បន្ថែមនៅនាទីទី៨០ គ្រាដែលខ្សែការពារ Hamid Ismail រកបាននៅនាទីទី៩០ ចុងម៉ោងបន្ថែមទៀតដែលជាគ្រាប់ទី៤។

គួរបញ្ជាក់ផងថា ក្រុមជម្រើសជាតិកាតា និងបន្តទៅប៉ះក្រុមជម្រើសជាតិជប៉ុន ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ២០១៩ ហើយនេះក៏ជាប្រវត្តិសាស្រ្តសម្រាប់ក្រុមជម្រើសជាតិកាតា ដែលទើបតែបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាករខ្សែបម្រើប្រយុទ្ធ Almoez Ali ក៏កំពុងតែជិតគ្រងតំណែងម្ចាស់ពានស្បែកជើងមាស ដោយរូបគេស៊ុតបាន ៨គ្រាប់ច្រើនជាងគេ ក្នុងព្រឹត្តិការណ៍៕