(ភ្នំពេញ)៖ ក្រោយពីបទចម្រៀង «អ្នកណាកែចិត្តបង» របស់អតីតបេក្ខភាព ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពីភពលោក Cambodian Idol រដូវកាលទី៣ កញ្ញា ញឹម សួនសោភាទេពី ទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រខ្លាំង ហើយអ្វីដែលលោកអ្នកទន្ទឹងរង់ចាំទស្សនា ឥឡូវនេះកម្រងវីដេអូបទ ​(គ្មានអ្នកណាកែចិត្តបង) វគ្គពីរ ​បានចេញជាផ្លូវការហើយ របស់ផលិតកម្ម Zone និងផលិតកម្ម BN ប្រិយមិត្តទស្សនិកជនបានទស្សនាហើយ ប្រាកដជាជក់ចិត្តដិតអារម្មណ៍ជាមិនខាន។

ជាការពិត មួយរយៈកន្លងទៅ ប្រិយមិត្តទស្សនិកជន មានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីបទចម្រៀង «អ្នកណាកែចិត្តបង» របស់តារាចម្រៀង សោភាទេពី មានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង You Tube (យូធូប) ទស្សនិកជនក៏ទន្ទឹងរង់ចាំទស្សនានូវសាច់រឿងតគ្នា ពីបទចម្រៀងមួយនេះយ៉ាងអន្ទះសារផងដែរ ទីបំផុតក៏បានចេញជាសាច់រឿងត ដែលជាវគ្គពីរ មានចំណងជើងថា «គ្មានអ្នកណាកែចិត្តបង» ដែលជាការបកស្រាយដោយតារាចម្រៀង លោក គីម ថាណា កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។

ជាមួយគ្នានេះ បទចម្រៀងមានចំណងជើងថា «គ្មានអ្នកណាកែចិត្តបង» វគ្គពីររបស់ តារាចម្រៀងប្រុស លោក គីម ថាណា ជាបទចម្រៀង​បែបមនោសញ្ចេតនាស្នេហា ចាក់ដោតអារម្មណ៍យុវវ័យ ឲ្យលន្លង់លន្លោច តាមចម្រៀងមួយនេះ ជាពិសេសនោះចំពោះ MV បទចម្រៀងផ្ទាល់ ដែលទើបនឹងបញ្ចេញក្ដៅៗហុយៗនៅពេលនេះ មិនត្រឹមតែកំសត់ និងមានសាច់រឿងល្អទស្សនា ហើយនោះថែមទាំងមានការចូលរួមសម្ដែង ពីសំណាក់តារាល្បីៗ មានដូចជាកំលោះសង្ហា លោក ណាខុន, កញ្ញា ទីពី និងកញ្ញា គីម សៀវឡាម ដែលសុទ្ធសឹងតែជាតួសំខាន់ក្នុងបទចម្រៀងនេះ។

ខាងក្រោយនេះជា MV បទចម្រៀង «គ្មានអ្នកណាកែចិត្តបង» វគ្គពីរ៖