(បាសេឡូណា)៖ ក្លឹបអេស្ប៉ាញ Espanyol បានចុះកិច្ចសន្យាជាមួយខ្សែបម្រើប្រយុទ្ធសញ្ជាតិចិន កីឡាករ Wu Lei មកកាន់ក្របខណ្ឌ La Liga បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងការប្រកួតប្រជែងពានរង្វាន់ AFC Asian Cup 2019 តែគួរឲ្យសោកស្តាយ ក្រុមរបស់គេត្រូវបានធ្លាក់ចេញពីប្រកួតពានរង្វាន់នេះត្រឹមវគ្គ ៨ក្រុម។

ជាក់ស្តែងខ្សែបម្រើវ័យ ២៧ឆ្នាំ គឺជាកីឡាករចិនទី២ ដែលចូលលេងក្នុងលីគកំពូលអេស្ប៉ាញ La Liga។ យ៉ាងណាមិញ លោក Chen Yansheng ដែលជាម្ចាស់ក្លឹប Espanyol បានបញ្ជាក់ពីកិច្ចសន្យាមួយនេះ ដែលមានតម្លៃ ៣,១៥លានផោន ត្រូវបានប្រកាសនៅលើគណនីផ្លូវការក្នុងបណ្តាញសង្គម Twitter របស់ក្លឹបកាលពីពេលថ្មីៗនេះ។

លើសពីនេះ កីឡាករ Wu Lei បានចូលរួមជាមួយក្រុម Espanyol បន្ទាប់ពីគេបានបង្ហាញខ្លួនឲ្យក្រុម Shanghai SIPG បាន ២៩៦ប្រកួត រកបាន ១៥១គ្រាប់ចាប់តាំងពីឆ្នាំ២០០៦ ក្នុងក្របខណ្ឌ Chinese-Super League និងរកបាន ១៥គ្រាប់ ក្នុង ៦៣ប្រកួតឲ្យក្រុមជម្រើសជាតិចិន៕