(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ សពតារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានដង្ហែរចេញពីគេហដ្ឋាន លោក ខេមរៈ សិរីមន្ត នៅវេលាម៉ោង១២ថ្ងៃត្រង់ ដើម្បីទៅបូជាតាមគន្លងព្រះពុទ្ធសាសនា នៅវត្ត​សំរោងអណ្ដែត។ ជាមួយនឹងភាពសោកសង្រែងនៃគ្រួសារសព ក្នុងក៏មានមហាជន អ្នកគាំទ្ររបស់តារាចម្រៀង ខេមរៈ ស្រីពៅ និងសិល្បករជាច្រើន ដូចជា៖ អ្នកនាង ចន ច័ន្ទលក្ខណ, លោក ហេង ឡុង, ដួង ហ្សូរីដា, លោក សាន ផានិត, លោក ឡេង ណាវ៉ាត្រា និងតារាជាច្រើនរូបទៀត បានចូលរួមរំលែកទុក្ខ ដោយបានអមជូនដំណើរ ខេមរៈ ស្រីពៅ ជាចុងក្រោយ រហូតដល់ពិធីបូជា បានចប់សព្វគ្រប់។

មិនត្រឹមតែសាច់ញាតិបងប្អូន ក្រុមគ្រួសារ និងអ្នកសិល្បៈនោះទេ បានសម្តែងនូវក្តីអាណិតអាសូរ និងស្តាយស្រណោះ ចំពោះការបាត់បង់តារាចម្រៀងសំនៀងមានទឹកដម ខេមរៈ ស្រីពៅ ងាកមកអ្នកគាំទ្រវិញ បានរំជួលចិត្តគ្រប់គ្នា អំឡុងពេលនៃពិធីបូជាសពតារាស្រីរូបនេះ។ ដោយក្នុងនោះ មហាជនសង្កេតឃើញថា បន្ទាប់ពីសាកសព បានដង្ហែរទៅដល់វត្ត សំរោងអណ្តែត ហើយនោះ ខណៈដែលរៀបចំដើម្បីបូជាសព សម្រែកទ្រហ៊ោយំ បានបន្លឺឡើង យ៉ាងរំពង ដែលបង្ហាញនូវការអាឡោះអាល័យ តារាស្រីរូបនេះជាខ្លាំង ប្រៀបបាននឹងការជូនដំណើរនាង ជាលើកចុងក្រោយ។

គួរបញ្ជាក់ថា តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងវ័យ ២៨ឆ្នាំ ដោយសារជំងឺសួត និងក្រ លៀនធ្ងន់ធ្ងរ នាងបានទទួលមរណភាព នៅវេលាម៉ោងប្រមាណ១ រសៀល ថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៩ នៅឯ មន្ទីរពេទ្យ ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីក្រុមគ្រួសារ បានបញ្ជូនទៅព្យាបាលនៅទីនោះ អស់រយៈពេល ជិត២ខែរួចមក៕