(ភ្នំពេញ)៖ អតីតកីឡាករជម្រើសជាតិកម្ពុជា នៅ សុសិលា បានបង្ហើបថា ភ្នំពេញក្រោន ជាក្លឹបចុងក្រោយសម្រាប់គេ ក្នុងអាជីពបាល់ទាត់ គិតចាប់តាំងពីប្រកបអាជីពលើវាលស្មៅនេះចាប់តាំងពីឆ្នាំ២០០៥មក ក្នុងក្លឹបដំបូងក្រសួងការពារ។

នៅ សុសិលា បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ក្លឹបភ្នំពេញក្រោនថា «ចុងក្រោយហើយ ព្រោះវ័យកាន់តែចាស់ អាចពិបាកនឹងប្រជែងជាមួយក្មេងៗ ហើយណាមួយទៀតយើងលេងយូរដែរហើយ។ ពេលខ្ញុំចប់ពីបាល់ទាត់ ក៏អត់មានបំណងធ្វើគ្រូអីទេ»

គួរដឹងដែរថា ដោយសារវ័យកាន់តែជ្រេទៅហើយនោះ ខ្សែបម្រើមាឌល្អិត នៅ សុសិលា បានអះអាងថា ភ្នំពេញក្រោន ជាទ្រនំចុងក្រោយបង្អស់ក្នុងអាជីពបាល់ទាត់ និងថា គេមានគម្រោងចូលនិវត្តន៍នៅដំណាច់រដូវកាលឆ្នាំ២០១៩តែម្ដង។ នៅ សុសិលា ធ្លាប់លើកពានលីគកំពូលកម្ពុជាម្តងជាមួយក្លឹបភ្នំពេញក្រោន ក្នុងឆ្នាំ២០១៤។

នៅ សុសិលា ចាប់យកអាជីពបាល់ទាត់ដំបូងក្នុងក្លឹបក្រសួងការពារជាតិ ឆ្នាំ២០០៥ និងផ្លាស់ទៅក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ មុនលេងឲ្យក្លឹប Cambodian Tiger ពីចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ និងលេងឲ្យវិសាខា រដូវកាលឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨។ រូបគេក៏ធ្លាប់លេងឲ្យជម្រើសជាតិអាយុក្រោម២៣ឆ្នាំ ដោយលើកពាន BIDC Cup ឆ្នាំ២០០៩ទៀតផង៕