(ភ្នំពេញ)៖ បន្ទាប់ពីសាកសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ បានដឹកមកដល់គេហដ្ឋាន លោក ខេមរៈ សិរីមន្ត ដែលស្ថិតនៅម្តុំ វត្តសំរោងអណ្តែត កាលពីយប់មិញ ខណៈនេះក្រុមគ្រួសារកំពុងធ្វើបុណ្យតាមប្រពៃណី។ អ្វីដែលជាការកត់សម្គាល់ មានតារាប្រុសស្រីជាច្រើន បានទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារលោក ខេមរៈ សិនីមន្ត ដល់គេហដ្ឋាន ដោយអ្នកខ្លះទៅទាំងយប់មិញ និងនៅព្រឹកនេះ មហាជនសង្កេតឃើញថា តារាចម្រៀងល្បីឈ្មោះ លោក ព្រាប សុវត្ថិ បាននាំកូនប្រុសទាំងបី មកចូលរួមពិធីបុណ្យសព ខេមរៈ ស្រីពៅ ប្រកបដោយទឹកមុខសោកសៅ និងអារម្មណ៍ក្តុកក្តួល។

ជាការពិត ក្រៅពីតារាប្រុសស្រីល្បីៗមួយចំនួន បានទៅចូលរួមរំលែកទុក្ខ ដល់គេហដ្ឋាន លោក ខេមរៈ សិរិមន្ត ទាំងយប់ អំឡុងពីដែលសាកសពមកដល់ភ្លាមហើយនោះ សម្រាប់ព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ នេះ​គេឃើញមាន តារាផ្សេងមកចូលរួមជាបន្តបន្ទាប់។ ដោយក្នុងនោះ លោក ព្រាប សុវត្តិ បាននាំកូនប្រុសទាំងបីទៅចូលរួម ខណៈម្នាក់ៗ បានបង្ហាញនូវទឹកមុខក្រៀមក្រំ ព្រមទាំងបានជួបផ្ទាល់ជាមួយនឹងលោក ខេមរៈ សិរីមន្ត និងលើកទឹកចិត្ត លោកឱ្យរឹងពឹងឡើង ហើយចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់។

សាកសពរបស់ ខេមរៈ ស្រីពៅ នឹងត្រូវដង្ហែរពីគេហដ្ឋាន លោក ខេមរៈ សិរីមន្ត នៅមុខសួនសុបិន្តចំការព្រីង ទៅបូជានៅ វត្តសំរោងអណ្តែត នៅរសៀលម៉ោង១ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩ នេះ ខណៈបុណ្យ៧ថ្ងៃ នឹងធ្វើឡើងនៅថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា តារាចម្រៀងកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងវ័យ ២៨ឆ្នាំ ដោយសារជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ នាងបានទទួលមរណភាព នៅវេលាម៉ោងប្រមាណ១ រសៀល ថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យ ក្នុងប្រទេសឥណ្ឌា បន្ទាប់ពីក្រុមគ្រួសារ បានបញ្ជូនទៅព្យាបាល នៅទីនោះ អស់រយៈពេលជិត២ខែរួចមក៕