(អាមេរិក)៖ ថ្មីៗនេះ Kourtney Kardashian សារភាពថា នាងចង់មានស្នេហាម្តងទៀត ហើយមិនបានប៉ុន្មានថ្ងៃផង តារាទូរទស្សន៍ស្រីរូបនេះត្រូវបានគេប្រទះឃើញបណ្តើរបុរសប្លែកមុខម្នាក់ ចេញពីភោជនីយដ្ឋានមួយកន្លែង។

ទោះបីស្ថិតក្នុងវ័យ៣៩ឆ្នាំពិតមែនប៉ុន្តែ Kourtney នៅតែជានារីមានមន្តស្នេហ៍ហើយ តាមរយៈរូបភាពដែលគ្រប់គ្នាបានឃើញនៅពេលនេះ
បុរសដែលនាងកំពុងបណ្តើរមិនមែនជាតារាម៉ូឌែល វ័យ២១ឆ្នាំ Luka Sabbat ដែលធ្លាប់មានពាក្យចចាមអារ៉ាមពីមុន នោះទេ តែបុរសនោះត្រូវបានគេស្គាល់ថា Dakota Duron ហើយពួកគេកំពុងចាកចេញពីភោជនីយដ្ឋានស៊ូស៊ីស្ថិតនៅ Malibu កាលពីថ្ងៃទី២៣ ខែមករា។

Dakota Duron មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រួសារ Kardashians ខណៈ ដែលគេត្រូវជាបងថ្លៃរបស់ Rich Wilkerson Jr. អាចារ្យ​នៅក្នុងពិធីរៀបការរបស់ Kim Kardashian និង Kanye West កាលពីឆ្នាំ ២០១៤ ប៉ុន្តែ Dakota បានរៀបការរួចទៅហើយ ដូច្នេះប្រហែលជាគ្មានទំនាក់ទំនងអ្វីពិសេសទេរវាងលោក និង Kourtney។

គួរបញ្ជាក់ថា ក្រោយពីបែកបាក់ជាមួយស្វាមីហើយ ម្តាយកូន៣នាក់រូបនេះក៏មានទំនាក់ទំនងស្នេហា ជាមួយបុរសវ័យ២៦ឆ្នាំ Younes Bendjima តែពួកគេក៏ចែកផ្លូវគ្នាទៀតនៅអំឡុងខែសីហា ឆ្នាំ២០១៨ ក្រោយមក Kourtney ត្រូវបានគេប្រទះឃើញដើរផ្សារ និងទទួលទាន​អាហារល្ងាចជាមួយតារាម៉ូឌែល Luka ដែលអ្នកគាំទ្រគិតថា តារាប្រុសវ័យក្មេងរូបនេះទំនងជាគូស្នេហ៍ថ្មីរបស់នាង ប៉ុន្តែរឿងនេះហាក់ស្ងប់ស្ងាត់ទៅវិញ៕