(កូរ៉េ)៖ បុរសជាអ្នកគាំទ្រវ័យ ៣២ឆ្នាំម្នាក់ ដែលបានគំរាមសម្លាប់តារាសម្តែងវ័យក្មេង Wang Suk Hyun ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេលមួយឆ្នាំ។

កាលពីថ្ងៃទី២៤ ខែមករា Star News បានចុះផ្សាយថា បុរសជាប់ចោទម្នាក់នេះ និងមេធាវីរបស់ខ្លួនបានចូលសវនាការនាពេលថ្មីៗនេះ ហើយបានសារភាពថា រូបគេស្គាល់ Wang Suk Hyun តាមរយៈ រឿង«Can’t Live With You» នៅឆ្នាំ២០១២
ដែលពេលនោះរូបគេចង់ស្និទ្ធស្នាលនឹងតារាវ័យ ១៦ឆ្នាំរូបនេះ។ បន្ទាប់មកអ្នកគាំទ្ររូបនេះក៏បានទៅសាលាដែល Wang រៀន ហើយ​ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នា រួចក៏បានស្គាល់លេខទូរស័ព្ទរបស់ Wang។

ទីបំផុតបុរសនោះអះអាងថា ខ្លួនចាប់ផ្តើមគំរាមតារាប្រុសវ័យក្មេងរូបនេះ ព្រោះតែគេក្បត់រូបលោក។ មេធាវីរបស់បុរសជាប់ចោទនិយាយថា
កូនក្តីរបស់ខ្លួនបានសារភាពកំហុសហើយ បន្ទាប់ពីគេមានអារម្មណ៍ឈឺចាប់នឹងទង្វើរបស់ជនរងគ្រោះ ដែលបដិសេធលែងរាប់អានគេទៀត។ មេធាវី​រូបនេះបានស្នើសុំការលើកលែងទោស ដោយអះអាងថា បុរសជាប់ចោទនៅក្មេងនិងមានបញ្ហាផ្លូវចិត្តផង ហើយឪពុកម្តាយរបស់គេក៏កំពុង​ដោះស្រាយជាមួយភ្នាក់ងាររបស់ Wang ផងដែរ។

គួរបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំមុន បុរសជាប់ចោទបានទូរស័ព្ទ និងផ្ញើសារគំរាមសម្លាប់ Wang Suk Hyun ព្រោះតែតារាសម្តែងរូបនេះឈប់ទាក់ទងគ្នា ហើយពីរថ្ងៃក្រោយមករូបគេក៏ត្រូវបានប៉ូលីសចាប់ខ្លួន៕