(ភ្នំពេញ)៖ យោងប្រភពព័ត៌មានពីក្រុមគ្រួសារតារាចម្រៀង ខេមរៈ ស្រីពៅ បានបញ្ជាក់ប្រាប់ Khmer Talking និង Fresh News ឲ្យដឹងនៅមុននេះបន្តិចថា សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ នឹងត្រូវដឹកតាមយន្តហោះ ចេញពីប្រទេសឥណ្ឌានៅម៉ោង​១២រំលងអាធ្រាត្រ ថ្ងៃទី២៦ ​ទី ២៧ (យប់នេះ)​ ខែមករានេះ ដោយត្រូវប្រើរយៈពេលហោះហើរ រហូតដល់ទៅ ១០ម៉ោង ទើបមកដល់ប្រទេសកម្ពុជា នៅថ្ងៃស្អែក ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

លោក ខេមរៈ ប៊ុនថន ដែលត្រូវជាបងប្រុសបង្កើតរបស់នាង បានថ្លែងប្រាប់ឲ្យដឹង​ថា អ្នកដែលត្រូវទៅទទួលសពនោះមាន ឪពុករបស់លោក គឺលោក ធុច ស៊ីថុន ក្នុងនោះក៏មានបងប្រុស​ម្នាក់ទៀត ហើយពេលទៅដល់ គឺត្រូវរង់ចាំជើងហោះហើររហូតដល់ម៉ោង ១២យប់រំលងអាធ្រាត្រថ្ងៃនេះ ទើបសពអាចដឹកនាំចេញមន្ទីរពេទ្យ នៃប្រទេសឥណ្ឌាបាន។

យ៉ាងណាមិញ បើ​ក្រឡេកមកមើលគេហដ្ឋានរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ជាបងប្រុសឯណេះវិញ គឺត្រូវបានរៀបចំនិងបានដើម្បី ទទួលសពរបស់នាងរួចរាល់អស់ហើយ ពោលគឺរង់ចាំតែសពរបស់ ខេមរៈ ស្រីពៅ មកដល់ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណីខ្មែរតែប៉ុណ្ណោះ។ ប្រភពដដែលបានបញ្ជាក់ថា សពរបស់ ខេមរៈ ស្រីពៅ នឹងត្រូវបូជានៅវត្តសំរោងអណ្តែត ក្បែរគេហដ្ឋាន ខេមរៈ សិរីមន្ត ផ្ទាល់តែម្តង តែមិនទាន់បញ្ជាក់ថា នឹងត្រូវបូជាថ្ងៃណាឲ្យប្រាកដនោះទេ។

គួរជម្រាបថា ​ខេមរៈ​ ​ស្រីពៅ​ ​បាន​ទទួលមរណភាព​ក្នុង​វ័យ​ ​២៦ ឆ្នាំ​ ដោយ​ជំងឺ​ក្រលៀន ​និង​សួត​ធ្ងន់ធ្ងរ កាលពី​វេលា​ម៉ោងប្រមាណ ១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ​នៅ​ក្នុងមន្ទីរពេទ្យ នៃប្រទេស​ឥណ្ឌា​ បន្ទាប់ពីបញ្ជូនពីប្រទេសថៃ ទៅព្យាបាលទៅទីនោះ អស់រយៈពេលជិត២ខែ៕​