(អាមេរិក)៖ ផលិតករនិងជាតារាសម្តែងជើងចាស់ជនជាតិអង់គ្លេស លោក Michael Caine បានបង្ហើបឲ្យដឹងថា ស្តេចចម្រៀងប៉ុបដ៏ល្បី Beyonce ធ្លាប់មានក្តីស្រមៃចង់ឈ្នះពានរង្វាន់អូស្ការ។

តារាសម្តែងវ័យ ៨៥ឆ្នាំរូបនេះ ដែលជាអ្នកឈ្នះពានរង្វាន់អូស្ការពីរលើករួចមកហើយ បាននិយាយថា Beyonce បានបង្ហាញពីមហិច្ឆតារបស់នាង អំឡុងពេលកំពុងធ្វើការជាមួយគ្នានៅឆ្នាំ២០០២ សម្រាប់ការថតភាពយន្តបែបកំប្លែងរឿង «Austin Powers in Goldmember»។

រម្លឹកពីបទពិសោធន៍ ដែលធ្លាប់ធ្វើការរួមគ្នា Michael បានឲ្យដឹងថា Beyonce ជាមនុស្សឆ្លាតនិងប៉ិនប្រសប់ ដែលមិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាតារាសម្តែងដ៏មានសមត្ថភាពម្នាក់ដែរ ដូច្នេះនាងប្រាកដជាសម្រេចបានក្តីស្រមៃរបស់ខ្លួន។

ពិតណាស់ ពេលនេះ Beyonce ត្រូវបានគេឲ្យរហស្សនាមថាស្តេចចម្រៀងប៉ុបដ៏ល្បីនៅអាមេរិក ហើយកេរ្តិ៍ឈ្មោះរបស់នាងរីកសាយនៅទូទាំងពិភពលោក។

ដោយឡែក តារាសម្តែងជើងចាស់ Michael Caine បច្ចុប្បន្នលោកមានអាយុ ៨៥ឆ្នាំទៅហើយ ប៉ុន្តែ Michael នៅតែប្រាប់អ្នកគាំទ្រថា លោកមិនអីទេ! សូមកុំព្រួយបារម្ភ៕