(ម៉ូណាកូ)៖ ក្លឹបបាល់ទាត់របស់ប្រទេសបារាំង AS Monaco បានសម្រេចបញ្ឈប់គ្រូបង្វឹកសញ្ជាតិបារាំង Thierry Henry ជាផ្លូវការហើយ ក្រោយដឹកនាំក្រុមបានត្រឹមរយៈពេល ៣ខែប៉ុណ្ណោះ ខណៈអតីតក្លឹបជើងឯក Ligue 1 ក្នុងឆ្នាំ២០១៧ បានកំពុងស្ថិតក្នុងតំបន់កាត់ចោលនោះ។

កន្លងមក ស្ថិតក្រោមការដឹកនាំរបស់បុរសវ័យ ៤១ឆ្នាំ Henry ក្លឹបបន្តស្ថិតនៅតំបន់កាត់ចេញមានត្រឹម ១៥ពិន្ទុក្រោយឈ្នះតែ ៥ប្រកួត ឈរនៅលេខរៀងទី១៩ បាតតារាងប៉ុណ្ណោះ ហើយក្លឹបក៏បានផ្តល់ក្តីសង្ឃឹមដល់លោក Leonardo Jardim និងរំពឹងថា ទៅជំនួសតំណែង Henry ដឹកនាំការប្រកួតនៅសល់រដូវកាលឆ្នាំ២០១៨-២០១៩បន្តទៀត ហើយជួយក្រុមមកស្ថិតចំណាត់ថ្នាក់ល្អក្នុងតារាងវិញ។

ដោយឡែកជំនួយការគ្រូបង្វឹកលោក Franck Passi ដែលទើបចូលកាន់ទួនាទីដឹកនាំកីឡាករក្នុងក្រុមហ្វឹកហាត់កាលពីខែមុន និងមកជំនួស Henry ក្នុងការបង្វឹកសមាជិកក្រុមវិញ។

គួរបញ្ជាក់ផងថា បុរសសញ្ជាតិបារាំង Henry ធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្សិក មុនមកដឹកនាំក្រុម Monaco ហើយក៏ធ្លាប់ត្រូវបានក្លឹប Aston Villa ទាក់ទងឲ្យមកដឹកនាំផងដែរ ប៉ុន្តែការព្រមព្រៀងមិនបានកើតឡើងទៅវិញកាលពីកន្លងទៅនេះ៕