(ភ្នំពេញ)៖ បន្ទាប់ពីលត់ក្រុមខ្លាំង Buriram United ៤-១ កាលពីល្ងាចមិញ ពេលនេះក្រុមភ្នំពេញក្រោនរបស់កម្ពុជា បង្ហាញវត្តមានក្រុមខ្លាំងមួយទៀត ដើម្បីប្រកួតកម្ដៅសាច់ដុំហើយ គឺក្រុម Maung Thong United ដែលនឹងត្រូវជួបគ្នា នាម៉ោង ៤៖៣០នាទីល្ងាច ថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩ ស្អែកនេះ នៅកីឡដ្ឋាន SCG Stadium ប្រទេសថៃ។

នេះគឺជាជំនួបមិត្តភាពដ៏គួរឲ្យចាប់អារម្មណ៍ទី៣ របស់ក្លឹបភ្នំពេញក្រោន ស្របពេលអតីតក្រុមជើងឯក ៦សម័យកាលនេះ កំពុងបោះជំរុំហ្វឹកហាត់នៅទីនោះ។ តែអ្វីដែលឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ គឺបន្ទាប់ពីភ្នំពេញក្រោនបានជម្រះបញ្ជីចាស់ក្រុម Buriram ធ្លាប់យកឈ្នះខ្លួន ៦-០ កាលពីឆ្នាំ២០១៧ ដោយលទ្ធផល ៤-១ កាលពីម្សិលមិញ។ ដូច្នេះការជួបក្រុម Maung Thong United ក៏កំពុងទាក់ចិត្តអ្នកគាំទ្រកម្ពុជាដែរ។

គួរបញ្ជាក់ថា ភ្នំពេញក្រោន បានបោះជំរុំហ្វឹកហាត់នៅថៃ បន្ទាប់ពីធ្លាក់ពីការប្រកួតពានរង្វាន់ Leo Pre-Season Cup 2019 ក្រោយប្រកួតចាញ់ក្រុម Nakhonratchasima FC ៤-០ កាលពីពេលថ្មីៗ។ តែសម្រាប់ប្រកួតមិត្តភាពក្នុងកម្មវិធី Pre-Season របស់ពួកគេ មិនទាន់ចាញ់នោះទេ ក្នុងនោះប្រកួតទី១ បានយកឈ្នះក្រុម Army Regional 2 ក្នុង លទ្ធផល ៣-២ និងប្រកួតទី២ យកឈ្នះក្រុម Buriram ៤-១។ ចំពោះគម្រោងត្រឡប់មកមាតុភូមិវិញ ភ្នំពេញក្រោនមិនទាន់បញ្ជាក់នោះទេ៕