(ភ្នំពេញ)៖ សម្រាប់ឆ្នាំនេះ កីឡាករខ្មែរភាគច្រើនសុទ្ធតែជាយុវជន ដែលពុំសូវមានបទពិសោធន៍ក្នុងលីគអាជីព ដោយសារក្រុមមានកញ្ចប់ថវិកាតូច យើងពុំមានលទ្ធភាពនាំយកកីឡាករខ្មែរឆ្នើមៗមកចូលរួមទេ នេះជាផលលំបាកមួយសម្រាប់ក្រុម។

តែទោះជាយ៉ាងណា «ពួកយើងក៏មានមោទនភាព ដែលថ្នាក់ដឹកនាំសាកលវិទ្យាល័យ ពិសេសលោកប្រធានក្លឹប ទោះមានភាពខ្វះខាត ក៏គាត់នៅតែព្យាយាមជួយជ្រោមជ្រែង មិនថាតែក្លឹបបាល់ទាត់យើង គឺស្ទើរគ្រប់ប្រភេទកីឡា ដើម្បីត្រៀមសម្រាប់ SEA Games ឆ្នាំ២០២៣»។

លោក សុក វាសនា បានបន្តទៀតថា ក្លឹបកំពុងសម្លឹងរកកីឡាករបរទេសសម្រាប់បំពេញកូតា ហើយនេះក៏ជាផលវិបាកមួយដែរដល់ក្លឹប ព្រោះអ្វីៗសុទ្ធតែពាក់ព័ន្ធនឹងកត្តាហិរញ្ញវត្ថុ។ បែបនេះក្ដី អតីតគ្រូយុវជនព្រះខ័នរាជស្វាយរៀង បង្ហាញការតាំងចិត្តយ៉ាងដូច្នេះ «ទោះយ៉ាងណា ពួកយើងមានការតាំងចិត្តខ្ពស់ ប្រឹងឲ្យអស់ពីលទ្ធភាព បើពុំបានល្អជាងឆ្នាំមុន ក៏ត្រូវព្យាយាមរក្សាចំណាត់ថ្នាក់ដូចឆ្នាំមុនដែរ»។

គួរដឹងដែរថា ក្លឹបលីគកំពូលទាំងអស់ សុទ្ធតែប្រញឹករៀបចំក្រុមរៀងៗខ្លួន អាស៊ីអឺរ៉ុប (AEU) ក៏មិននៅស្ងៀមដែរ ទាំង ការពង្រឹងធនធានកីឡាករ និងហេដ្ឋារចនាសម្ព័ន្ធ។ បែបណាក្ដី គ្រូបង្វឹក សុក វាសនា បានលើកឡើងថា ឆ្នាំនេះក្លឹបពុំសូវមានកីឡាករក្នុងស្រុកឆ្នើមឡើយ ប៉ុន្តែមានការតាំងចិត្តខ្ពស់រកលទ្ធផលគាប់ប្រសើរ ដើម្បីជាការតបស្នងចំពោះក្ដីស្រឡាញ់ និងការឧបត្ថម្ភគាំទ្ររបស់ប្រធានក្លឹបលោក ឌួង លាង។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ នេះ អាស៊ីអឺរ៉ុប ត្រូវចំណាយយ៉ាងច្រើនទៅលើការស្ដារហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន ដែលត្រូវបានពន្លិចដោយទឹកទន្លេ ក្រោយទំនប់ជុំវិញកីឡដ្ឋានពុំអាចទ្រាំទ្រសម្ពាធទឹកបាន។ នេះអាចជាហេតុផលធំមួយ ធ្វើឲ្យកញ្ចប់ថវិកាសម្រាប់ចំណាយលើកីឡាករត្រូវរួមតូចជាងមុន៕