(ភ្នំពេញ)៖ ឌីជេ ណាណា (Dj NaNa) ដែលទស្សនិកជនភាគច្រើន ស្គាល់តាមរយៈការចេញវីដេអូឃ្លីប លើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងនឹងការ អប់រំ ផ្តល់​ចំណេះ​​​​​ដឹងទូទៅដល់មហាជន ក៏ដូចជាការលើកទឹកចិត្ត​ដល់ស្ត្រី នោះ បានសម្រេចចិត្តចូលរោងការជាមួយមិត្តប្រុស បន្ទាប់ពីទាក់ទងគ្នាជាង ១០ឆ្នាំ ខណៈក្នុងថ្ងៃមង្គល អមដោយការចូលរួមយ៉ាងកុះករ ពីសំណាក់សាច់ញាតិទាំងសងខាង និងមិត្តភ័ក្តិ ជាច្រើនផងដែរ។ អ្វីដែលជាការកត់សម្គាល់ និងខុសប្លែងពីមង្គលការដទៃ គឺមង្គលការរបស់ ណាណា មិនមានបម្រើគ្រឿងស្រវឹងនោះទេ តែបើងាកទៅ បរិយាកាសក្នុងពិធីវិញ គឺប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។

ជាការគាត់សម្គាល់ ពិធីមង្គលការរបស់ កញ្ញា នាង សុវ៉ាតនា​ ហៅ ឌីជេ ណាណា ជាមួយលោក ហាក់ បញ្ញារ័ត្ន ដែលជានិស្សិត ត្រូវទៅបន្ដការសិក្សាថ្នាក់អនុបណ្ឌិត នៅឯប្រទេសអូស្ត្រាលី ត្រូវបានរៀបចំឡើង នៅទី២៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅបរិវេនមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៏កោះពេជ្យ អាគារ ខេ និង អិល។ ទន្ទឹមគ្នានេះ គឺមានការអញ្ចើញចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ពិធីករ ពិធីការនី ប៉ុស្ដិ៍ទូរទស្សន៏ វិទ្យុ អ្នកមុខ អ្នកការ និងអ្នកជំនួញជាច្រើន ដែលបានធ្វើឱ្យអាពាហ៏ពិពាហ៏ មួយនេះកាន់តែ មានភាពសប្បាយរីករាយខ្លាំងឡើង។

អ្វីដែលកាន់ តែពិសេសជាងនេះទៅទៀតនោះ នៅក្នុងថ្ងៃពិធីមង្គលរបស់ គូស្វាមីភរិយាថ្មីមួយគូនេះ ទស្សនិកជនឃើញថា ពុំមានបម្រើគ្រឿងស្រវឹងទេ តែបម្រើជំនួសមកវិញ ដោយភេសជ្ជៈប៉ូវកម្លាំងជាច្រើនមុខ មានដូចជា៖ តែក្រូចឆ្មា ទឹកស៊ីរ៉ូ អូវ៉ាន់ទីន កាហ្វេទឹកដោះគោ ទឹកផាសិន បូករួម ទឹកសុទ្ធ និងភេសជ្ជៈជាច្រើនមុខទៀត។ ការសម្រេចចិត្តធ្វើបែបនេះ ពីម្ចាស់ដើមការ ត្រូវបានមហាជនទូទៅលើកឡើងថា គឺជាគំរូល្អ សម្រាប់មង្គលការដទៃទៀត ព្រោះវាប្រៀបបាននឹងផ្នែកមួយ ជួយកាត់បន្ថយការបើកបរ ដោយគ្មានគ្រឿងស្រវឹង។

ងាកមកហ្វេនៗ របស់ ឌីជេ ​ណាណា វិញ ពួកគេបានសម្តែងនូវភាពសប្បាយរីករាយយ៉ាងខ្លាំង និងចូលរួមអបអរសាទរ តាមរយៈបង្ហោះសារលើបណ្តាញសង្គម ពេលឃើញមនុស្សក្នុងដួងចិត្តរបស់ពួកគេចូលរោងការ ព្រមទាំងជូនពរ ឱ្យគូភរិយាស្វាមីថ្មីថ្មោង ទាំងពីរ មានសុភមង្គលក្នុងគ្រួសារ និងស្រឡាញ់គ្នាដល់ចាស់៕