(ក្រុងឡុងដ៍)៖ យោងតាមរបាយការណ៍មួយពី Mirror.co.uk របស់ចក្រភពអង់គ្លេសបានឱ្យដឹងថា ក្រុមយក្សអ៊ីតាលី Juventus បានត្រៀមរួចជាស្រេច ដើម្បីផ្តល់ឱ្យក្លឹប Arsenal នៅកីឡាករអ្នកចាំទី Emil Audero ជំនួសវិញដោយការនំាយកកីឡាករខ្សែបម្រើប្រយុទ្ធ Aaron Ramsey នៅក្នុងរដូវកាលដោះដូរកីឡាករនាខែមករា ដើមឆ្នាំ២០១៩ នេះ។

ជាក់ស្តែងខ្សែបម្រើវ័យ ២៨ឆ្នាំសញ្ជាតិវែល របស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះបានបំពេញបែបបទផ្នែកពិនិត្យសុខភាពជាមួយក្លឹបយក្សនៅ Serie A មួយនេះរួចរាល់ទៅហើយ មុនពេលផ្លាស់ប្តូរមកកាន់ទីក្រុង Torin នៅរដូវកាលក្រោយ។

ប៉ុន្តែទោះជាយ៉ាងណា សេះបង្កង់ Juventus កំពុងតែសម្លឹងមើលទៅលើជម្រើសនៃការចុះហត្ថលេខាជាមួយ Ramsey ក្នុងពេលឆាប់ៗនេះ ហើយសង្ឃឹមថា ការផ្តល់ជូនកីឡាករ Emil Audero មួយរូបនេះ នឹងអាចបញ្ចុះបញ្ចូលក្រុម Arsenal ក្នុងតម្លៃផ្ទេរ Ramsey នៅខែមករានេះតែម្តង។

យ៉ាងណាមិញ បើយោងតាមសារព័ត៌មាន Tuttosport របស់អ៊ីតាលីបានឲ្យដឹងថា Juventus មានបំណងប្រគល់ជូន អ្នកចាំទីវ័យ ២២ឆ្នាំ កម្ពស់ ១,៩២ម៉ែត្រ គឺកីឡាករ Emil ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅក្លឹប Sampdoria ទៅឲ្យក្រុម Arsenal ដើម្បីជាថ្នូរក្នុងការដោះដូរនេះ៕