(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូដ មានសម្រស់ផូរផង់ គួរជាទីគយគន់ប្រតិព័ទ្ធ ពីសំណាក់កន្លង់ៗទាំងពួង ស្រីស្រស់ នៅ សូនីតា ត្រូវបានប្រភពព័ត៌មានលួចបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះនាងកំពុងតែមានផ្ទៃពោះ ប្រមាណជាជាង២ខែមកហើយ បន្ទាប់ពីបើកចំហរចំណងស្នេហ៍ យ៉ាងស៊ីជម្រៅជាមួយនឹង អ្នកផលិតកម្មវិធីទូរទស្សន៍ដ៏ល្បី គឺលោក ទិត្យ ថារិទ្ធ។ ជាមួយគ្នានេះ ដំណឹងក៏បានព្រលយមកទៀតថា ពួកគេទាំងពីរទើបនឹងលេចចេញរឿងរ៉ាវ រស់នៅក្រោមដំបូលផ្ទះតែមួយ ខណៈដែលក្នុងផ្ទះបានដាក់តាំងរូបថត អ្នកទាំងពីរយ៉ាងស្អាត នៅពីមុខបន្ទប់ គួរឲ្យចាប់អារម្មណ៍ ហើយស្រាប់តែលេចចេញដំណឹងល្ហិចល្ហៀងថា តារាស្រីរូបនេះ កំពុងពរពោះដំណក់ឈាមរួមគ្នា ជាមួយផលិតករកម្មវិធីខាងលើតែម្ដង។

ក្រោយពីដំណឹងរសើបចុងក្រោយ ដែលទើបនឹងផ្ទុះឡើង ពីក្នុងចង្កោមអ្នកសិល្បៈ បានលើកឡើងអំពីទំនាក់ទំនង ដែលបានឈានដល់រឿងស្នេហា រវាងតារាសម្តែងស្រស់សោភា នៅ សូនីតា និងលោក ទិត្យ ថាវរិទ្ធ។ បើទោះបីជាមិនធ្លាប់ទទួលស្គាល់ ជាសាធារណៈអំពីចំណងស្នេហ៍នេះក្តី ក៏ក្នុងចង្កោមអ្នកសិល្បៈទាំងអស់ បានទទួលដឹងឮស្ទើរគ្រប់ៗគ្នា រហូតពួកគេកំពុងសាងស្នេហ៍រួមទ្រនំតែមួយ គឺនៅក្នុងផ្ទះវីឡាបុរីប៉េងហួត បឹងស្នោ។

ប្រភពព័ត៌មានពីអ្នករស់នៅក្នុងចង្កោមសិល្បៈ បានលើកឡើងថា ជុំវិញរឿងរ៉ាវចំណងស្នេហ៍ រហូតឈានដល់មានកូនក្នុងផ្ទៃនៅពេលនេះ គឺមិនមែនជាបែបលាក់លៀមនោះទេ គឺមានការទទួលដឹងឮ ពីក្រុមគ្រួសារទាំងសងខាង ហើយពេលនេះពួកគេក៏ទទួលបានដំណឹងល្អដែរ គឺនៅ សូនីតា កំពុងពរពោះកូនក្នុងផ្ទៃ ដែលជាតំណក់ឈាមរួមគ្នា លើកដំបូង។

ប្រភពពីមាត់ចាបមាត់ព្រាប បានឲ្យដឹងទៀតថា កូនក្នុងផ្ទៃរបស់ នៅ សូនីតា គឺមានវ័យទើបតែជាង២ខែប៉ុណ្ណោះ ហើយសភាពខាងក្រៅរបស់នាង ពិបាកនឹងសម្គាល់បានណាស់ថា នាងកំពុងពរពោះ ព្រោះនាងបានព្យាយាមថ្នមខ្លួនប្រាណ និងកូនក្នុងផ្ទៃដែលនាងផ្លាស់ប្តូរទម្លាប់ ពីការស្លៀកពាក់ខោខូវប៊យរឹបៗ មកស្លៀកសម្លៀកបំពាក់ធូររលុងវិញ និងមិនទទួលការងារសិល្បៈ ដូចមុននោះទេ។

អ្នកសិល្បៈជាច្រើន បានកោតសរសើរអំពីជោគវាសនារបស់ នៅ សូនីតា ដែលទទួលបានការស្រឡាញ់ថ្នាក់ថ្នម និងលើកមុខមាត់ពីសំណាក់ លោក ទិត្យ ថាវរិទ្ធ និងទទួលងារជាជំទាវស្រីវ័យក្មេង ដោយស្វ័យប្រវត្តិផងដែរ បើទោះបីជាពួកគេមិនទាន់ចូលរោងការ តាមប្រពៃណីខ្មែរជាផ្លូវការក្តី។

ជុំវិញរឿងរ៉ាវដ៏រសើប ពីការទម្លាយរឿងមានកូនក្នុងផ្ទៃ រយៈពេលជាង២ខែ របស់ស្រីស្រស់ នៅ សូនីតា នៅពេលនេះ Fresh News នៅមិន​ទាន់អាចទំនាក់ទំនងសួរបញ្ជាក់ពីសាមីខ្លួនទាំងពីរ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យបាននៅឡើយទេ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។ ទោះជាយ៉ាងណា ទស្សនិកជន និងអ្នកគាំទ្រ នឹងរង់ចាំការចេញមុខបកស្រាយពីសំណាក់ នៅ សូនីតា ក៏ដូចជាលោក ទិត្យ ថារិទ្ធ ដើម្បីឲ្យមហាជនអស់ចម្ងល់ និងជូនពរឲ្យពួកគេទាំងពីរមានសុភមង្គល និងក្ដីសុខក្នុងជីវិតគូជានិច្ចនិរន្តរ៍៕