(ភ្នំពេញ)៖ ទូរទស្សន៍ CTN បានបើកសម្ពោធជាផ្លូវការហើយ នៃខ្សែភាពយន្ដ បែបស៊ើបអង្កេតប្រចាំដើមឆ្នាំ ២០១៩ គឺរឿង «ឧក្រិដ្ឋជន» នៅរោងភាពយន្ត Legend Cinema Eden Garden Boeung Kak នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ។ នៅក្នុងពិធីសម្ពោធខ្សែភាពយន្តបែប ស៊ើបអង្តតនេះផងដែរ គេសង្កេតឃើញមានការចូលរួមពីសំណាក់ ផលិតករ ព្រមទាំងម្ចាស់ផលិតកម្ម មួយចំនួនបានអញ្ជើញចូលរួម ក្នុងនោះក៏មានតារាសម្ដែង តារាកំប្លែងជាច្រើននាក់ផងដែរ។

លោក អ៊ុ ដាវី ​ជាផលិតករ រឿង «ឧក្រិដ្ឋជន» បានថ្លែងឲ្យដឹងថា សាច់​រឿងនេះ​គឺ​មាន​លក្ខណៈប្រទាក់ក្រឡាគ្នា ​ពីមួយវគ្គទៅមួយវគ្គ គឺសុទ្ធសឹងតែជាការស៊ើបអង្កេត វែកមុខរកឧក្រិដ្ឋជន តាមកោសល្យវិច្ច័យលក្ខណៈវិទ្យាសាស្ដ្រ និងភស្ដុតាងនានា ដែលបន្សល់ទុកដោយជនសង្ស័យ។ ឈុតឆាកនីមួយៗបង្កប់ទៅដោយ អាថ៌កំបាំងដែលធ្វើឲ្យអ្នកទស្សនា ពិបាកនឹងវិនិច្ឆ័យថា តើតួអង្គមួយណាដែលជាឧក្រិដ្ឋជនពិតប្រាកដ។

លោកបន្តថា ខ្សែភាពយន្ដនេះ ក៏រួមចំណែកជួយដល់ទស្សនិកជន ឲ្យចេះវិភាគ ចេះពិចារណាពីអង្គហេតុនីមួយៗ ដែលបានកើតឡើងនៅក្នុងសង្គម។ លោកបានរំពឹងយ៉ាងមុតមាំថា ភាពយន្តនេះ នឹងទទួលបានការគាំទ្រ និងជោគជ័យនៅពេលដាបញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ ព្រោះតែយើងមានសម្រិតសម្រាំង យ៉ាងពិសេសជាមួយនឹងតួអង្គសម្ដែង បច្ចេកទេសថត និងការសហការយ៉ាងល្អជាមួយក្រុមការងារ រហូតដល់សម្រេចបានផ្ទៃរឿងទាំងមួល ប្រកបដោយគុណភាព នៅពេលនេះ។

ជាមួយនឹងសាច់រឿងបែបស៊ើបអង្កេតនេះផងដែរ តួអង្គក្នុងរឿងនីមួយៗ ត្រូវបានអ្នកដឹកនាំសម្ដែងបញ្ជាក់ថា មានទេពកោសល្យនៃការសម្ដែងយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ ចេះក្បាច់គុណ វាយតប់គ្នា និងបាញ់កាំភ្លើងទៀតផង។

គួរបញ្ជាក់ថា ខ្សែភាពយន្ត រឿង «ឧក្រិដ្ឋជន» គឺជាខ្សែភាពយន្ដភាគបែបស៊ើបអង្កេតថ្មី ដែលនឹងមានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN & MyTV ក្នុងពេលឆាប់ៗនេះ៕