(បាសេឡូណា)៖ កីឡាករ Frenkie de Jong ដែលមានព័ត៌មានចចាមអារ៉ាមពាក់ព័ន្ធនឹងក្លឹប Manchester City និង PSG ពេលនេះខ្សែបម្រើរបស់ក្លឹប Ajax រូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លឹបអេស្ប៉ាញ FC Barcelona ក្នុងតម្លៃប្រមាណ ៨៥លានដុល្លារ។

ក្រុមជើងឯកអេស្ប៉ាញ Barcelona បានប្រកាសពីការកិច្ចសន្យា Jong ដោយតម្លៃផ្ទេរជំហានដំបូងប្រហែល ៨៥លានដុល្លារ ដោយកីឡាករខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះនឹងផ្ទេរមកលេងនៅកីឡដ្ឋាន Camp Nou ចាប់ផ្ដើមពីរដូវកាល La Liga ឆ្នាំ២០១៩-២០២០។

កីឡាកររូបនេះធ្លាប់មានព័ត៌មានពាក់ព័ន្ធនឹងក្លឹប Manchester City, Real Madrid និង Paris Saint-Germain ប៉ុន្តែកីឡាកររូបគេបានជ្រើសរើសយកក្លឹប Barcelona ដោយបន្តលេងក្នុងលីគកំពូលហូឡង់ រហូតដល់ចប់រដូវកាលនេះជាមុនសិន ដោយបច្ចុប្បន្ន De Jong បានបង្ហាញខ្លួនចំនួន ១១៥ប្រកួតឲ្យក្លឹប Ajax។

De Jong បានក្លាយជាកីឡាករទី៣ ហើយដែលបានចុះកិច្ចសន្យាជាមួយ Barcelona ក្នុងអំឡុងពេលដោះដូរកីឡាករ លើកទី១ ឆ្នាំ២០១៩ បន្ទាប់ពីកីឡាករ Jeison Murillo និង Kevin-Prince Boateng ដែលខ្ចីពីក្លឹប Sassuolo៕