(កូរ៉េ)៖ ថ្មីៗនេះក្រុមអ្នកគាំទ្រ Blackpink បានស្តីបន្ទោស Jennie ដោយមិនដឹងពីការពិត។ ប៉ុន្មានថ្ងៃមុននេះមានការចុះផ្សាយពីហេតុការណ៍ ដែលបានកើតឡើងនៅថ្ងៃដំបូងនៃការប្រគំតន្រ្តី «In Your Area» របស់ក្រុមតារាចម្រៀងស្រី Blackpink នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី អំឡុងពេលនៃការសម្ដែងបទ Boombayah ដែល Jennie បានគ្រវាសជើងឡើងក្នុងពេលបញ្ចេញក្បាច់រាំក៏ទាត់ចំកញ្ចឹងករបស់ Jisoo ទំនងជាធ្វើឲ្យនាងមានការឈឺចាប់បន្តិចដែរ ប៉ុន្តែទោះជាយ៉ាងណាក៏តារាស្រីរូបនេះនៅតែបន្តការសម្តែងដល់ចប់។

ភ្លាមៗនោះ Jisoo ក៏បានបង្ហោះសារតាមរយៈ Instagram ប្រាប់អ្នកគាំទ្រថា នាងមិនអីទេ ប៉ុន្តែឥឡូវនេះស្រាប់តែផ្ទុះប្រតិកម្មពីក្រុមអ្នកគាំទ្រ នៅពេលដឹងថា Jisoo បានទៅមន្ទីរពេទ្យមួយនៅឥណ្ឌូនេស៊ី បន្ទាប់ពីកើតហេតុការណ៍នេះ។

វេជ្ជបណ្ឌិតដែលជាឪពុករបស់អ្នកគាំទ្រម្នាក់ បានឲ្យដឹង ថា Jisoo សមាជិក Blackpink ពិតជាបានមកពិនិត្យស្ថានភាពរបស់នាងមែន ហើយក៏មានការជជែកគ្នាពីរឿងនេះ រហូត ដល់ Jennie ត្រូវរងការវាយប្រហារខ្លាំងៗពីក្រុមអ្នកគាំទ្រ ដែលចោទថានាងចេតនាធ្វើឲ្យ Jisoo របួស។

ចំណែក Blackpink ព្យាយាមការពារសមាជិករបស់ខ្លួនដោយសង្ឃឹមថា ក្រុមអ្នកគាំទ្រនឹងយល់ពីស្ថានការណ៍ ហើយឈប់ប្រើសម្តីវាយប្រហារមកលើ Jennie ទៀត៕