(ភ្នំពេញ)៖ បន្ទាប់ពីបានសាងវិថីស្នេហ៍ ដ៏ផ្អែមល្ហែមក្នុងជីវិត រៀបអាពាហ៍ពិពាហ៍ និងទទួលបានចំណងដៃ កូនស្រីជាទីស្រឡាញ់មួយរួចមក អ្នកនាង គង់ ច័ន្ទស្រីមុំ ជាមួយនឹងស្វាមី លោក គឹម សីហា គេសង្កេតឃើញថា គូស្នេហ៍មួយនេះ រិតតែបង្ហាញពីក្ដីស្រឡាញ់ ចំពោះគ្នាទៅវិញទៅមក ជាពិសេសប្ដីប្រពន្ធ ព្រមទាំងជាអ្នកជំនួញវ័យក្មេង មួយគូនេះ តែងតែទិញកាដូ​ជូនគ្នា ទៅវិញ​ទៅមកទៀតផង​។ ជាក់ស្ដែង ថ្មីៗនេះ តារាសម្ដែងស្រីរាងតូចច្រឡឹងរូបនេះ បានទិញរថយន្តទំនើប​មួយគ្រឿង​ យ៉ាងស្រស់ស្អាត ជាកាដូសម្រាប់​ស្វាមី និងគ្រួសាររបស់នាង​។

ជាការពិត អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងរថយន្តទំនើប ម៉ាក Mercedes Benz ដែលជាកាដូក្នុងឆ្នាំថ្មីរបស់អ្នកនាង ជាពិសេសគឺ​សម្រាប់គ្រួសារតូច ដែលពោរពេញទៅដោយសុភមង្គល​។

បន្ថែមពីលើនេះទៅទៀត កាដូសំរាប់ឆ្នាំថ្មីនេះ អ្នកនាង គង់ ច័ន្ទស្រីមុំ បានរៀបរាប់ថា វាគឺជាការខិតខំប្រឹងប្រែង ធ្វើការងាររកស៊ី​របស់អ្នកនាង និងស្វាមី មិនថាយប់ថ្ងៃនោះទេ ទើបទីបំផុតអ្នកនាង​ទទួលបានកាដូដ៏អស្ចារ្យមួយនេះ ដែលជាក្ដីស្រមៃរបស់គ្រួសារតូចរបស់នាង​៕