(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានចេញសេចក្ដីជូនដំណឹងកាលពីពេលថ្មីៗថា ដោយចាប់ពីថ្ងៃទី២៦-២៨ ខែមករាខាងមុខ សហព័ន្ធនឹងបើកវគ្គបណ្ដុះបណ្ដាលដំបូង សម្រាប់ឆ្នាំ២០១៩ ស្ដីពីការបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេង ដើម្បីសម្រួចទិសដៅ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

មន្ដ្រីសហព័ន្ធបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំជាពិសេស ដើម្បីពង្រឹងបន្ថែមលើការអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្ដរជាតិ ពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ស្របតាមផែនការមេរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ជុំវិញការប្រកាសរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេង ឆ្នាំ២០១៩ នេះ សហព័ន្ធមិនទាន់បញ្ជាក់ពីចំនួនអ្នកចូលរួម ក៏ដូចជាគ្រូឧទ្ទេស ដែលត្រូវធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនេះទេ គ្រាន់តែបញ្ជាក់ពីកាលបរិច្ឆេទរៀបចំ ដែលនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាប៉ុណ្ណោះ៕