(ភ្នំពេញ)​៖ លោក ឆាយ វីរៈយុទ្ធ​រក្សាប្រជាប្រិយភាព តារាច​ម្រៀង​​លំដាប់កំពូល ទាំងមហាជនលាន់មាត់ថា «គ្រប់គ្រងតំណែងនេះបាន១០ឆ្នាំ»។ ថែម​ពីលើ​ឱកាសដ៏ល្អនេះ តារាចម្រៀងមានឈ្មោះ​ដើម ឆាយ ឆោម មានភរិយា​ជាតែងនិពន្ធ​ទំនុកច្រៀងបាន​។ ស្វាគមន៍ឆ្នាំ២០១៩ នេះលោកបានទទួលពីភរិយាសំណព្វ នូវបទចម្រៀងថ្មី ជាស្នា​ដៃ​តែងនិពន្ធ​ពីភរិយា​ផ្ទាល់ដៃដោយបាននិពន្ធដោយសម្រិតសម្រាំង​មានចំណងជើងថា «នឹកអូនស្ទើរដាច់ខ្យល់​»។

ភ្ជាប់ដោយចម្រៀងពេញមួយបទ លើទំព័រហ្វេសប៊ុកផលិតកម្មសាន់ដេ ជាផលិតកម្មធំ​ក្នុង​ប្រទេស ដោយដាក់ចំណងជើងធំៗ ច្បាស់ថា «នឹកអូនស្ទើរ​ដាច់ខ្យល់» ត្រូវបានផ្ទុះ​ឡើង​ជាថ្មី ខណៈទើបតែចេញបានប៉ុន្មានថ្ងៃសោះ មានអ្នកចូលទស្សនាជិតកន្លះ​លាន​ នាក់​​ទៅ​ហើយ។

ចំពោះភាពល្បីល្បាញនៃបទនេះ ក៏ត្រូវបានអ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ លួចបង្ហើបប្រាប់​ឲ្យដឹងថា ពេលស្តាប់ទៅពិតជា​មានអារម្មណ៍លន្លង់លន្លោចខ្លាំង​ណាស់ ម្យ៉ា​ង​​អត្ថន័យក្នុងបទចម្រៀង​ដែលនិពន្ធថ្មីដោយអ្នកនាង សែ ចាន់ឌី ជាភរិយាលោក ពិតជា​មាន​ន័យត្រូវនឹងអារម្មណ៍យុវវ័យ នាសម័យជឿនលឿននេះជាពន់ពេក ស្របពេលអ្នក​គាំទ្រ​ផ្សេ​ង​ទៀត ក៏លើកទំនងជាត្រូវរឿងពិតរបស់ខ្លួនថា «ស្តាប់បទនេះហើយ ធ្វើឲ្យ​ស្រ​ក់​ទឹកភ្នែក​នឹកសង្សារចាស់តែម្តង»​។

តារាចម្រៀង ឆាយ វីរៈយុទ្ធ ត្រូវបានគេមើលឃើញថា ទោះបីជាលោកបានក្រាបផ្ទឹមចូលរោងការ ជាមួយនឹងកូនស្រីថៅកែលក់អង្ករ អស់រយៈពេលជាង១ឆ្នាំមកហើយក្ដី ប៉ុន្តែលោកមិនបានបោះបង់ អាជីពជាអ្នកសិល្បៈ ទៅប្រកបរបរជំនួញរកស៊ី តាមក្រុមគ្រួសារខាងប្រពន្ធរបស់លោកឡើយ។ ផ្ទុយទៅវិញ ភរិយាជាទីស្រឡាញ់រូបនេះ តែងតែតាក់តែងនិពន្ធបទថ្មីៗជាបន្តបន្ទាប់ ដើម្បីបង្កើនប្រជាប្រិយភាពរបស់ស្វាមី ក្នុងសង្វៀនសិល្បៈ ឲ្យកាន់តែលេចធ្លោឡើងជាលំដាប់។

បទ «នឹកអូនស្ទើរដាច់ខ្យល់​» ពិតជាបង្កប់នូវអត្ថន័យលន្លង់លន្លោច ស្លុងអារម្មណ៍ដល់កម្រិតណានោះ សូមសណ្ដាប់ទាំងអស់គ្នា៖