(ថៃ)៖ តារាសម្តែងស្រីចាស់វស្សា ដែលមានប្រជាប្រិយភាពខ្លាំង និងល្បីល្បាញក្នុងការសម្ដែងភាពយន្តនាង Chompoo Araya បច្ចុប្បន្នត្រូវបានគេដឹងថា ងមិនទាន់មានកាលវិភាគសម្តែងរឿងថ្មី ឱ្យទូរទស្សន៍ណានោះទេ ពោលគឺទំនេរតែម្តង ក្រោយតារាស្រីរូបនេះ ទទួលបានកូនភ្លោះដ៏គួរឱ្យស្រឡាញ់ពីរនាក់ហើយនោះ។ យ៉ាងណាមិញ ថ្មីៗនេះមានសេចក្តីរាយការណ៍មួយថា នាងនឹងបង្ហាញខ្លួន ក្នុងខ្សែភាពយន្តថ្មី ឱ្យទូរទស្សន៍ល្បីមួយ ក្នុងពេលខាងមុខនេះ ព្រោះបច្ចុប្បន្ននាង គឺជាតារាឯករាជ្យ ក្រោយពីបញ្ចប់កុងត្រា ជាមួយ ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ជាង ៣ឆ្នាំមកហើយនោះ។

ការលើកឡើងបែបនេះ ក្រោយពីអ្នកគាំទ្រ ឃើញថាតារាស្រី ដែលតែងតែលេងស្ទីលតុបតែងខ្លួន ជាមួយនឹងរបស់ប្រណិតៗ Chommpoo ទៅចូលរួមក្នុងកម្មវិធី «Paris Fashion Week» ដែលជាកម្មវិធី បង្ហាញម៉ូតល្បីៗលំដាប់អន្ដរជាតិ ហើយនាងបានបង្ហាញខ្លួន ជាមួយឈុតស្លៀកបំពាក់ចេញថ្មី ម៉ាកល្បីទាក់ភ្នែកផងដែរ។ ជាមួយនឹងការបង្ហាញវត្តមាន ក្នុងកម្មវិធីដ៏ល្បីនៅក្រៅប្រទេសនេះ​ បានធ្វើឱ្យទស្សនិកជន គិតថា ប្រហែលនាងចូលប្រឡូកសិល្បៈឡើងវិញហើយ ព្រោះចាប់តាំងពីសម្រាលកូនភ្លោះមក Chompoo មិនទាន់ចំណាយពេល ជាមួយការងារសិល្បៈនោះទេ។

ពាក់ព័ន្ធដំណឹងចូលរួមសម្តែងរឿងថ្មីនេះ អ្នកនាង Chompoo Araya បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកំពុងចំណាយពេលវេលា ជាមួយកូនភ្លោះរបស់ខ្ញុំ ហើយវាមិនមែនជាពេលដែល ត្រូវនិយាយពីការផ្លាស់ប្តូរ Channel នោះទេ ទោះបីជាខ្ញុំនឹងសម្តែងរឿងថ្មី ក្នុងពេលខាងមុខ ឬអត់ក៏ដោយ។ ជាការពិត បច្ចុប្បន្នខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការសម្តែងរឿងថ្មីនោះទេ»