(ភ្នំពេញ)៖ កីឡាករចាំទី អ៊ុំ សេរីរ័ត្ន របស់ក្លឹបក្រសួងការពារជាតិ នឹងត្រូវសម្រាកព្យាបាលរបួសយ៉ាងហោចណាស់ ១ត្រីមាសទៀត ដែលធ្វើឲ្យខ្លួនរងផលប៉ះពាល់ផ្លូវចិត្ត ក៏ដូចជាអារម្មណ៍សោកស្ដាយ ដែលពុំបានជួយក្លឹប និងក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ធំៗ ពិសេសពានរង្វាន់កំពូលប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup នាពេលកន្លងមក។

អស់ពេលជាង ៣ខែហើយ គិតចាប់ពីថ្ងៃដែលអ្នកចាំទីជម្រើសជាតិ និងក្លឹបក្រសួងការពារជាតិ អ៊ុំ សេរីរ័ត្ន ទទួលការវះកាត់របួសសរសៃពួរជង្គង់ នៅមន្ទីរពេទ្យជំនាញមួយនាទីក្រុងហូជីមិញ ប្រទេសវៀតណាម។ បើតាមសាមីខ្លួន មុខរបួសនេះនៅបង្កការឈឺចាប់តិចៗនៅឡើយ ហើយពុំទាន់អាចហ្វឹកហាត់ធ្ងន់បាន និងត្រូវសម្រាកដល់ទៅជាង ៣ខែទៀតឯណោះ។

កីឡាករវ័យក្មេងមុខមិនសូវរីក សេរីរ័ត្ន បានបញ្ជាក់ថា «មកទល់ពេលនេះ ខ្ញុំអត់ទាន់អាចហាត់ខ្លាំងបានទេ ទាំងលើទីលាន និងការហាត់សាច់ដុំ ព្រោះរបួសខាងក្នុងនៅឈឺ។ រាល់ថ្ងៃពេទ្យណែនាំឲ្យដើរ និងធាក់កង់ឲ្យបានច្រើន ក៏ដូចជាធ្វើលំហាត់មួយចំនួន តាមពួកគាត់បានប្រាប់ ដើម្បីឲ្យឆាប់ជាសះស្បើយ តែក៏មិនប្រាកដពេលច្បាស់លាស់ដែរ យ៉ាងហោចក៏ ២ទៅ៣ខែដែរ ទើបអាចចាប់ផ្ដើម Gym យកសាច់ដុំឡើងវិញ មុនចូលទីលានដូចធម្មតា»

កីឡាករដែលជាប្អូនប្រុសបង្កើតអ្នកចាំទី អ៊ុំ វិចិត្រ រូបនេះ បានរងរបួសដាច់សរសៃពួរជង្គង់កាលចុងរដូវកាលកន្លងទៅ អំឡុងពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុម នាកីឡដ្ឋានកងយោធពលខេមរភូមិន្ទ។ ក្រោយវះកាត់ដោយជោគជ័យនាពាក់កណ្ដាលខែតុលា ឆ្នាំ២០១៨ កន្លងទៅ ហើយរូបគេអាចនឹងត្រូវសម្រាករហូតដល់ខែមីនា៕