(កូរ៉េ)៖ ថ្មីៗនេះ ភ្នាក់ងាររបស់តារាសម្តែង Hyun Bin និង Son Ye-jin ដៃគូសម្តែងក្នុងខ្សែភាពយន្តថ្មីរបស់តារាប្រុសរូបនេះ បានបដិសេធពាក្យចចាមអារ៉ាម ដែលថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហា បន្ទាប់ពីបែកធ្លាយរូបភាពមួយតាមបណ្តាញសង្គម ដែលពួកគេត្រូវបានមហាជនប្រទះឃើញកំពុងដើរផ្សារជាមួយគ្នា។

ភ្នាក់ងាររបស់តារាប្រុសស្រីទាំងពីរ និយាយថា ពួកគេបានជួបគ្នានៅសហរដ្ឋអាមេរិក ហើយក៏ជួបជុំជាមួយមិត្តភក្តិជាច្រើន មិនមែនជាការណាត់ជួបតែពីរនាក់ឡើយ។

VAST Entertainment ភ្នាក់ងាររបស់ Hyun Bin បានឲ្យដឹងថា ពួកគេមើលទៅស្និទ្ធស្នាលនឹងគ្នាប៉ុន្តែ អ្នកទាំងពីរទើបតែបានជួបគ្នាប៉ុណ្ណោះ។

ចំណែក MS Team Entertainment ភ្នាក់ងាររបស់ Son Ye-jin ក៏បានចេញ សេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរថា ពួកគេបានដើរលេងជាមួយមិត្តភក្តិមួយក្រុមដូចអ្វីដែលគ្រប់គ្នាបានឃើញ នៅឯហាងលក់គ្រឿងទេសមួយកន្លែង ប៉ុន្តែអ្នកទាំងពីរមិនមែនដើរទៅណាតែពីរនាក់នោះទេ។

គួរបញ្ជាក់ថា Son Ye-jin និង Hyun Bin សម្ដែងរួមគ្នានៅក្នុងខ្សែភាពយន្តចុងក្រោយរបស់ពួកគេរឿង «Negotiation» ហើយចាប់ផ្តើមលេចឮពាក្យចចាមអារ៉ាមពីទំនាក់ទំនងស្នេហ៍របស់ពួកគេ កាលពីដើមខែនេះប៉ុន្តែត្រូវបានភ្នាក់ងារអ្នកទាំងពីរបដិសេធ៕