(ប៉ារីស)៖ តាមការបញ្ជាក់របស់អាជ្ញាធរអាកាសចរប្រទេសបារាំងបានឲ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Emiliano Sala មានវត្តមានក្នុងយន្តហោះឯកជន ១គ្រឿងដែលបានបាត់ខ្លួន នៅក្បែរកោះក្នុងសមុទ្រអង់គ្លេសកាលពីយប់ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ ដែលធ្វើដំណើរមកកាន់ប្រទេសវ៉េល។

Sala ជាអតីតកីឡាកររបស់ក្លឹបបារាំង FC Nantes ដែលទើបតែបានចុះកិច្ចព្រមព្រៀងមកលេងឲ្យក្លឹប Cardiff City នៃប្រទេសវ៉េល ក្នុងតម្លៃ ១៥លានផោន បានស្ថិតនៅលើយន្តហោះមួយដែលកំពុងបាត់ចេញពីរ៉ាដា។

ពេលនេះអាជ្ញាធរបារាំង បានកំពុងបើកប្រតិបត្តិការ ដើម្បីស្វែងរកយន្តហោះដែលបានបាត់ចេញពីរ៉ាដា ប៉ុន្តែគ្រប់គ្នាកំពុងតែបារម្ភពីអាយុជីវិតមនុស្ស ដែលស្ថិតនៅលើយន្តហោះនោះ។ ប៉ូលីសបានបន្តថា នៅពេលដែលយន្តហោះឯកជន ប្រភេទ Piper Malibu បានហោះចេញពីទីក្រុង Nantes ទៅកាន់រដ្ឋធានីនៃប្រទេសវ៉េល ស្រាប់តែយន្តហោះនោះ បានបាត់ចេញពីរ៉ាដា នៅម៉ោងប្រមាណ ៨៖៣០នាទីយប់ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ លើយន្តហោះនោះ ដែលមានផ្ទុកអ្នកដំណើរ ៥នាក់ ហើយគេដឹងថា ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ ក៏ស្ថិតនៅលើយន្តហោះនោះផងដែរ។

ខាងព្រលានយន្តហោះនៅទីក្រុង Cardiff បានអះអាងថា យន្តហោះនោះពិតជាបានហោះចេញពីទីក្រុង Nantes ពិតមែន ប៉ុន្តែក្រោយមកមិនមានព័ត៌មានលម្អិតនោះទេ។ ប៉ូលីសបានបន្ថែមថា គេបានបើកប្រតិបត្តិការរុករកយន្តហោះនោះ រហូតមកដល់ពេលនេះ ប៉ុន្តែនៅមិនទាន់ឃើញមានសញ្ញាអ្វីទេ។

បន្ទាប់ពីបានទទួលដំណឹងដ៏រន្ធត់នេះ អ្នកគាំទ្រនៃក្លឹប Nantes ជាច្រើនរយនាក់បាននាំគ្នាយកបាច់ផ្កាទៅដាក់មុខកីឡដ្ឋាន ដើម្បីបួងសួងឲ្យអតីតកីឡាកររបស់ពួកគេ នៅរស់រានមានជីវិតនាព្រឹកថ្ងៃពុធ ទី២៣ ខែមករានេះ៕