(សិង្ហបុរី)៖ សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានប្រកាសពីការដកខ្លួនពុំចូលរួម ប្រកួតពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។

យោងតាមការចេញផ្សាយនៅលើគេហទំព័រផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី FAS បានបញ្ជាក់ថា ក្រុមជម្រើសជាតិសិង្ហបុរី អាយុក្រោម២២ឆ្នាំ នឹងមិនចូលរួមក្នុងការប្រកួតជើងឯក យុវជនអាយុក្រោម២២ឆ្នាំ (AFF U-22 Championship 2019) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ នេះឡើយ។

សម្រាប់មូលហេតុ ដែលនាំឲ្យមានការដកចេញនេះ សហព័ន្ធ FAS បានបញ្ជាក់ថា ដោយមើលឃើញថាក្រុម នឹងត្រូវប្រកួតក្នុងវគ្គជម្រុះយុវជនអាស៊ី អាយុក្រោម២៣ឆ្នាំ (2020 AFC U-23 Championship qualification) ដូចនេះលោក Fandi Ahmad ដែលជាគ្រូបង្វឹកលើកឡើងថា នឹងជំនួសឲ្យការត្រៀមសម្រាប់វគ្គជម្រុះនេះ ជាមួយនឹងការហ្វឹកហាត់នៅក្រៅប្រទេសវិញ មុនពេលការប្រកួតមកដល់នៅខែមីនា ឆ្នាំ២០១៩៕