(កូរ៉េ)៖ ក្រុមអ្នកគាំទ្របានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែឧបទ្ទវហេតុបានកើតឡើងចំពោះ Jisoo ដោយចៃដន្យ ខណៈដែល Jennie ហាក់មិនប្រយ័ត្នបានគ្រវាសជើងចំក្បាលរបស់មិត្តរួមក្រុមម្នាក់នេះ ប៉ុន្តែភ្លាមៗនោះ Jisoo ក៏បានបង្ហោះសារថា នាងមិនមានអ្វីកើតឡើងធ្ងន់ធ្ងរទេ។

កាលពីថ្ងៃទី១៩ ខែមករា BLACKPINK បានចូលរួមព្រឹត្តិការណ៍ ប្រគំតន្ត្រី «In Your Area» នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលនៅថ្ងៃដំបូងនៃការសម្តែង គឺអ្វីៗគ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងល្អ ប៉ុន្តែខណៈដែលពួកគេកំពុងច្រៀងបទ «Boombayah» ស្រាប់តែ Jennie ត្រូវបានគេលើកឡើង ហើយនាងក៏លោតបញ្ចេញក្បាច់រាំដោយមិនបានប្រយ័ត្នជើងរបស់នាង ក៏គ្រវាសទាត់ចំក្បាលរបស់ Jisoo តែម្តង។

ឃើញហេតុការណ៍បែបនេះអ្នកគាំទ្របានសម្តែងការព្រួយបារម្ភចំពោះ Jisoo ជាខ្លាំង ប៉ុន្តែនាងក៏បានបង្ហោះសារនៅលើ Instagram ភ្លាមៗ ក្រោយពីបញ្ចប់ការសម្តែងលើឆាក ដើម្បីប្រាប់អ្នកគាំទ្រថា នាងនៅតែរឹងមាំ ហើយមិនឈឺចាប់អ្វីធ្ងន់ធ្ងរ ដោយសារតែឧបទ្ទវហេតុនេះទេ៕