(ក្រុងតូរីន)៖ ក្រុមការពារតំណែងជើងឯក Juventus បានយកឈ្នះក្រុមភ្ញៀវ Chievo រហូតដល់ ៣-០ នាយប់មិញនេះ ខណៈកីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo ទាត់បាល់ប៉េណាល់ទី១គ្រាប់អត់ចូលនៅនាទីទី៥២ បញ្ចប់សប្តាហ៍ទី២០ ជើងទី២ នៃលីគកំពូលរបស់អ៊ីតាលី Serie A។

៣ពិន្ទុបន្ថែមនេះដែរបានជួយឲ្យក្រុមសេះបង្កង់បន្តនាំមុខកំពូលតារាងដល់ទៅ៩ពិន្ទុគិតត្រឹមសប្តាហ៍ទី២០នេះ ដោយរកបាន ៥៦ពិន្ទុនាំមុខក្រុមលេខ២ Napoli ដែលមានតែ ៤៧ពិន្ទុនៅឡើយ។

កីឡាករ Douglas Costa រកបានគ្រាប់ដំបូងឲ្យ Juventus នៅរដូវកាលនេះក្នុងនាទីទី១៣ មុនពេលអតីតកីឡាករនៃ ក្លឹបហង្សក្រហម Liverpool, Emre Can រកបានគ្រាប់ទី២ នៅនាទីទី៤៥ ដែលជាគ្រាប់ទី១របស់គេផងដែរក្នុងក្លឹបថ្មីនៃ ប្រទេសអ៊ីតាលី មុនពេលមិត្តរួមក្រុម Daniele Rugani រកបានគ្រាប់ទី៣ នៅនាទីទី៨៤ បន្តជួយឲ្យ Juventus ឈ្នះ១៨ប្រកួត និងស្មើ២ដង មិនដែលចាញ់នៅរដូវកាលថ្មីឆ្នាំ២០១៨-២០១៩នៅឡើយ។

ម្ចាស់ជើងឯក Serie A ៨សម័យកាលជាប់ៗគ្នានេះ កំពុងតែធ្វើបានសម្រេចបានដូចទៅនឹងរដូវកាលឆ្នាំ២០១១-២០១២ ដោយលេងមិនចាញ់ក្នុងលីគកំពូលអ៊ីតាលី និងទើបឈ្នះពាន Italy-Supercoppa ១រួចហើយផងដែរ កាលពីសប្តាហ៍មុន៕