(ថៃ)៖ ទស្សនិកជនជាច្រើន បានសម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំង ពេលទទួលដំណឹងមិនគួរឱ្យជឿមួយ ដោយគូដណ្តឹងរបស់ តួសម្តែងស្រី ក្នុងរឿង «បុព្វេសន្និវាស» កញ្ញា ម៉ាលី បានទទួលមរណភាព ចាកចោលនាងគ្មានថ្ងៃត្រឡប់។ តារាស្រីរូបនេះ ត្រូវបានគេដឹងថា បានស្រឡាញ់ ស្វែងយល់ចិត្តគ្នាជាមួយគូដណ្តឹងរយៈពេល ៧ឆ្នាំមកហើយ និងជិតដល់ថ្ងៃមង្គលការឆាប់ៗនេះទៀតផង តែព្រហ្មលិខិតបែរជា តម្រូវឱ្យអ្នកទាំងពីរជួបគ្នាតែត្រឹមហ្នឹងទៅវិញ។

ជាក់ស្តែង ថ្មីៗនេះ កញ្ញា ម៉ាលី ដែលមានឈ្មោះពិត ហៅថា Susira Angelina បានបង្ហោះ​សំណេរយ៉ាងច្រើន ក្នុងបណ្តាញសង្គម បង្កឱ្យអ្នកគាំទ្រមានការសោកស្តាយ និងអាណិតអាសូរ​ដល់នាងគ្រប់ៗគ្នា ខណៈសារទាំងនោះ​ គឺពោរពេញ​ដោយ​ទុក្ខសោក​ក្រៀមក្រំ​ ចំពោះការស្លាប់របស់គូ​ដណ្ដឹង ​ជាទី​ស្រឡាញ់​គឺ​លោក Chris Topher។ ​តាមរយៈ​សារ​ជា​ភាសា​អង់គ្លេស​ដែល​តួអង្គ​នាង ម៉ាលី ក្នុង​រឿង «​បុព្វេសន្និវាស​» បាន​បង្ហោះ​លើ IG របស់ខ្លួន ក៏ដូចជាក្នុង ហ្វេសប៊ុក គឺជាសារសម្រាប់អ្នកគាំទ្រ និងបង្ហាញ​នូវលក្ខណៈសម្បតិ្តជាច្រើនរបស់​គូ​ដណ្ដឹង​ដោយនាងបញ្ជាក់ថា លោក Chris គឺជា​បុរស​ដ៏​ល្អ​ខ្លាំងណាស់​ ហើយ​លោក​ក៏​ជា​មនុស្ស​ម្នាក់ ​ដែលមាន​ទឹកចិត្ត​ល្អ ​ចំពោះ​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញខ្លួន ​ដែល​នាង​មិន​ធ្លាប់​ជួប​ពីមុនមកផងដែរ។​

ជាមួយគ្នានេះ ចំពោះការស្លាប់របស់ លោក Chris Topher គូដណ្តឹងរបស់ តារាសម្តែងស្រី Susira Angelina មកទល់នឹងពេលនេះ នៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ តែយ៉ាងណា ទស្សនិកជនបាននាំគ្នា ចូលរួមសោកស្តាយចំពោះកញ្ញា Susira Angelina ដែលបាត់បង់មនុស្សជាទីស្រឡាញ់ និងបួងសួងឱ្យគូដណ្តឹងនាង ទៅកាន់សុខគតិភពផងដែរ៕