(ភ្នំពេញ)៖ សាស្ត្រចារ្យ គង់ ណារី ដែលជាគ្រូបង្ហាត់ចម្រៀងដ៏ល្បីមួយរូប នាទសវត្សរ៍៨០ បានទទួលមរណភាព នៅវេលា ម៉ោង ១:០០ ថ្ងៃត្រង់ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យ ព្រះកុស​មៈ (ហៅពេទ្យ លោកសង្ឃ) ខណៈបច្ចុប្បន្នសាកសពរបស់អ្នកគ្រូ តម្កល់នៅវត្តស្រះចក ខណ្ឌដូចពេញ ដើម្បីបូជាតាមប្រពៃណី។ ក្រោយឮដំណឹងដ៏ក្រៀមក្រំនេះ សិល្បករសិល្បការិនី និងសិស្សរបស់អ្នកគ្រូជាច្រើន បង្ហាញអារម្មណ៍ក្តុកក្តួល តាមរយៈបណ្តាញសង្គមគ្រប់ៗគ្នា ព្រោះការបាត់បង់អ្នកគ្រូ គឺស្មើរនឹងការបាត់បង់ បុគ្គលក៏មានតម្លៃម្នាក់ សម្រាប់បណ្តុះបណ្តាលសិល្បករជំនាន់ក្រោយ។

ជំនួសមុខអ្នកសិល្បៈ លោក ហេង ឡុង បានសរសេរសារលើបណ្តាញសង្គមថា «សិល្បៈខ្មែរបាត់បង់ធនធានមួយរូបទៀតហើយ! អ្នកគ្រូ គង់ ណារី ទទួលមរណភាពហើយ សូមសិល្បករសិល្បការិនី មេត្តាចូលរួមរំលែកទុក្ខ និងចូលរួមពិធីបុណ្យ ដើម្បីជូនដំណើរអ្នកគ្រូជាលើកចុងក្រោយ»

ងាកមកសិល្បការិនី ពហុជំនាញអ្នកនាង ខាត់ សុឃីម វិញបានសរសេរថា «សូមចូលសម្ដែងទក្ខយ៉ាងក្រៀមក្រំ ដែលអ្នកគ្រូ គង់ ណារី ដែលបានទទួលមរណភាព នៅថ្ងៃទី២០ មករា នេះជាដំណឹងដ៏ក្រៀមក្រំ សម្រាប់សិល្បករសិល្បការិនីទាំងអស់ ជាពិសេសតារា ដែលធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីអ្នកគ្រូ លើជំនាញពិធីករ ចម្រៀង និងពិធីការផ្សេងៗ កន្លងមក សូមអ្នកគ្រូទៅអោឱ្យបានសុខ»

យ៉ាងណាមិញ នៅមានសិល្បករជាច្រើនរូបទៀត ដែលធ្លាប់ទទួលបានការហាត់រៀនវិជ្ជាសិល្បៈពីអ្នកគ្រូ គង់ ណារី និងបានក្តុកក្តួល សោកស្តាយ ចំពោះការបាត់បង់អ្នកគ្រូ ក្នុងនោះ មានដូចជា៖ លោកទុយ, លោកអ៊ុក ណារីម, លោក សាន ផានិត, លោក សុជាតិ, លោកឃុំ ប៉ុណ្ណាដែត, លោក ទិត្យ វិច្ចិកា, លោក កៅ វណ្ណា, លោក វិសាល, ហង្ស ពិសី, យ៉ុង កន្និកា, យ៉ុង ច័ន្ទសុធាវី, កែវ ច័ន្ទសម្ជស្ប, ឆេង សូរិយា ព្រមទាំងសិល្បករសិល្បការិនីថ្មីៗ ជំនាន់ក្រោយៗ ជាច្រើនរូបទៀតផងដែរ។

គួរជម្រាប់ថា សាកសពសាស្ត្រចារ្យបង្ហាត់ចម្រៀង គង់ ណារី នឹងត្រូវបូជា នៅថ្ងៃពុធ សប្តាហ៍នេះ ហេតុដូច្នេះ សូមសិល្បៈករសិល្បការិនី ទាំងអស់ចូលរួមបុណ្យសព្វអ្នកគ្រូឱ្យបានគ្របគ្នាផង៕