(ភ្នំពេញ)៖ កញ្ញា ពេជ្រ ចរណៃ ត្រូវបានគេដឹងថា គឺជាតារាសម្តែងស្រីមួយដួង ដែលមានទេពកោសល្យសម្តែង ហើយចេះក្បាច់គុនល្បុក្កតោយ៉ាងស្ទាត់ជំនាញ ខុសពីតារាស្រីដទៃ ខណៈបច្ចុប្បន្នកំពុងនាងមមាញឹកនឹងការងារសិល្បៈ និងការងារសង្គម។ យ៉ាងណាមិញ តាមរយៈការចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា ពេជ្រ ចរណៃ បានស្រាយនូវមន្ទិលជាច្រើន ដែលទស្សនិកជនចង់ដឹងតាំងពីយូរមកហើយនោះ អំពីទំនាក់ទំនងនឹង ជាមួយតារាសម្តែងជើងចាស់ លោក ខៃ ប្រសិទ្ធ។ នាងថា នាងមិនមានទំនាក់ទំនងអ្វី ជាមួយលោក ខៃ ប្រសិទ្ធទេ ហើយការជួយថ្លៃព្យាបាលរបស់លោក មកលើនាង គឺការអាណិតអាសូរ។ បន្ថែមពីនេះ នាងបង្ហើរថា នាងមានគូស្នេហ៍រួចហើយ។

កញ្ញា ពេជ្រ ចរណៃ បានថ្លែងប្រាប់ដោយមានខ្លឹមសារថា « ជាការពិត នាងនិងលោក ខៃ ប្រសិទ្ធ មិនដែលមានទំនាក់ទំនងអ្វីនឹងគ្នាពីមុនមកទេ ប៉ុន្តែពេលដែលនាងមានជំងឺបេះដូងធ្ងន់ធ្ងរ ទៅព្យាបាលនៅប្រទេសថៃ ដំណឹងនេះក៏ចេះតែរីកសុះសាយ ក៏ដឹងដល់លោក ខៃ ប្រសិទ្ធ។ ដោយការអាណិតអាសូវ ពេលទស្សនាវីដេអូរបស់នាង រហូតធ្វើឱ្យលោកស្រក់ទឹកភ្នែក និងចង់ស្រោចស្រងជីវិតរបស់នាង លោក ខៃ ប្រសិទ្ធ បានចេញថ្លែព្យាបាលឱ្យនាង ព្រោះនាងគ្មានលទ្ធភាពព្យាបាលដោយខ្លួនឯងទេ បើសរុបចំនួន ២ម៉ឺនដុល្លារ ដើម្បីឱ្យនាងជាសះស្បើយ អាចធ្វើការងារសិល្បៈបានវិញដូចដើម ខណៈការជួយនេះ គឺគ្មានល័ក្ខខណ្ឌអ្វីទាំងអស់ គឺដោយការអាណិតអាសូរ នាងជាអ្នកសិល្បៈ និងកូនកំព្រា»

នាងថា «មកទល់នឹងពេលនេះ ជំងឺរបស់នាងទាមទារឱ្យទៅពិនិត្យ និងផឹកថ្នាំ ជាប្រចាំ ទោះបីជា អាចធ្វើការងារដូចដើមវិញធម្មតាក៏ដោយ។ បច្ចុប្បន្ននាង មិនអាចទទួលជំនួយពីលោក ខៃ ប្រសិទ្ធ បានទៀតទេ ទោះលោកថា នឹងបន្តការជួយរហូតក៏ដោយ ព្រោះនាងអាចធ្វើការរកលុយខ្លួនឯងបានហើយ តែនាងបានសង្កត់ធ្ងន់ថា ការជួយរបស់លោក ខៃ ប្រសិទ្ធ គឺជាគុណដែលមិនអាចកាត់ថ្លៃបាន និងមិនអាចឱ្យនាងបំភ្លេចបាននោះទេ។ បើងាកមករកទំនាក់ទំនងនោះ គឺមិនមានអ្វីលើសពីនេះទេ ហើយនាងសង្ឃឹមថា ទស្សនិកជននឹងឈប់មានចម្ងល់មកលើនាង និងលោក ខៃ ប្រសិទ្ធតទៅទៀត។

និយាយដល់ចំណុចនេះ ពេជ្រ ចរណៃ ក៏បានបង្ហើបប្រាប់ទស្សនិកជន តាមរយៈ កម្មវិធី «អាថ៌កំបាងក្រៅឆាក របស់តារា» ថា «បច្ចុប្បន្ននាង មានគូស្នេហ៍រួចហើយ គឺត្រឹមតែជាមនុស្សប្រុសសាមញ្ញធម្មតា អាចមើលថែនាងបាននៅថ្ងៃអនាគត ហើយក៏ជាមនុស្សល្អ បន្ទាប់ពីឪពុករបស់នាងផងដែរ ខណៈនាងកំព្រាឪពុក ដ៏គួរឱ្យអាណិតម្នាក់។ នាងថា​ សម្រាប់គូស្នេហ៍របស់នាង មិនមែនជាអ្នកមានទ្រព្យធំដុំនោះទេ គឺជាកម្មករ ធ្វើការនៅក្រៅប្រទេស តែបច្ចុប្បន្នត្រឡប់មកវិញហើយ»។