(ភ្នំពេញ)៖ តារាស្រីកញ្ញាសួងសាខារ៉ានីត ពេលនេះកាន់តែមានអារម្មណ៍ហាក់ក្តៅស្លឹកត្រចៀកខ្លាំងណាស់ បន្ទាប់ពីត្រូវបានបុគ្គលដែលជំពាក់លុយខ្លួន ពុំព្រមសងហើយ បែរជាបញ្ចេញព័ត៌មានមិនពិតក្នុងចេតនាបង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរ បង្កឲ្យមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ដល់អ្នកគាំទ្រ។

បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់តារាស្រីកញ្ញា សួង សាខារ៉ានីត បាននិយាយនាព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០១៩ ថា នាងកំពុងតែ​មានគម្រោងដើម្បីសិក្សាលើផ្លូវច្បាប់ ក្នុងការរៀបចំធ្វើពាក្យបណ្តឹងប្តឹងលើបុគ្គលមួយរូប ដែលបានជំពាក់លុយរបស់ខ្លួនរហូតដល់ទៅជាង ៤០០ដុល្លារ ខណៈដែលបុគ្គលរូបនេះមិនត្រឹមតែអត់ព្រមសងនោះទេ គឺថែមទាំងបញ្ចេញព័ត៌មានពុំពិត ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងកិត្តិយសទៀតផង។ កត្តានេះហើយដែលខ្លួនគិតថាមិនអាចអត់អោនឬលើកលែង។

កញ្ញា សួងសាខារ៉ានី បាននិយាយទៀតថា ចំពោះបុគ្គលដែលជំពាក់លុយនោះ ពុំមែនស្ថិតក្នុងរង្វង់អ្នកសិល្បៈដូចគ្នានោះទេ ប៉ុន្តែគេហាក់កំពុងមានចេតនាចង់ផ្ចាញ់ផ្ចាលមកលើនាង ដែលជាម្ចាស់បំណុល តាមរយៈការបញ្ចេញព័ត៌មានមិនពិត ដោយបានយករូបភាពខ្លួន ទៅសរសេរបង្ហោះភ្ជាប់ជាមួយពាក្យចោទប្រកាន់ថា នាង (សាខារ៉ានីត) ជាអ្នកជំពាក់លុយគេទៅវិញ រហូតបង្កឲ្យមានការយល់ច្រឡំពីមហាជន។

ដោយឡែកបើងាកមកចាប់អារម្មណ៍ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា សួង សាខារ៉ានីត ឯណ្ណោះវិញនាងក៏បានផ្ទុះប្រតិកម្មដែរថា «ចង់តែសើចឲ្យបែកផែនដីទេ ខ្ញុំសូមសួរបងប្អូនតាមត្រង់ តើពេលបងប្អូនឃើញគេសរសេពាក្យខាងក្រោមនេះ តើបងប្អូនទាយត្រូវអត់ថា ខ្ញុំជាអ្នកយកលុយគេ ឬគេជាអ្នកយកលុយខ្ញុំ? កោតចិត្តខ្លាំងតែម្ដង វាផ្ញើអោយខ្ញុំ តែខ្ញុំចង់ផុសអោយបងប្អូនជួយសើចជាមួយ…។»

កញ្ញា សួង សាខារ៉ានីត បានបន្ថែមទៀតថា «ខ្ញុំចង់ប្រាប់ថា លុយ ៤៤០ដុល្លារប៉ុណ្ណឹង សម្រាប់នាងឯងប្រហែលជាច្រើនណាស់ បានជាខ្ញុំទាឡើងចង់អស់ទឹកមាត់ នៅតែនាងឯងមិនសង មួយទៀតចង់ផ្ដាំថា ខ្ញុំមិនស្គាល់ពួកអ្នកលេងញៀនថ្នាំអ្វីនោះទេ គឺខ្ញុំស្គាល់តែប៉ូលិស លុយ៤៤០ដុល្លារបើយកទៅចែកអំណោយគឺមិនស្ដាយ តែបើចំណាយអោយមនុស្សដូចនាងឯងវិញ សូម្បីតែមួយរៀលពុះជាបួនក៏មិនចង់ដែរយល់? »

ប៉ុន្តែកញ្ញា សួង សាខារ៉ានីត ក្រោយពីបង្ហោះសារក្តៅស្លឹកត្រចៀងនេះ នាងមិនបានបញ្ជាក់ថា នាងនឹងដាក់ពាក្យបណ្តឹងឬយ៉ាងណានោះទេ៕