(ភ្នំពេញ)៖ បន្ទាប់ពីមានការចេញមុខប្រកាសស្វែងរកទីកន្លែងស្នាក់នៅ និងអត្តសញ្ញាណរបស់ក្មេងប្រុសកំសត់ គួរឲ្យអាណិតម្នាក់ ដែលមានជំងឺចម្លែកធំពោះ រហូតមានការបន្តចុះផ្សព្វផ្សាយនៅលើសារព័តមាន Fresh News មក នោះទីបំផុតអត្តសញ្ញាណក្មេងរូបនេះត្រូវបានរកឃើញហើយ ប៉ុន្តែពុំមែនជាករណីកើតឡើងនៅស្រុកខ្មែរនោះទេ។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាសម្តែងកញ្ញា ពេជ្រ ចរណៃ ដែលជាអ្នកខ្នះខ្នែងលើករណីស្វែងរកក្មេងប្រុសរូបនោះ បានប្រាប់ឲ្យដឹងតាមសារអេឡិចត្រូនិចនៅព្រឹកថ្ងៃទី១៩ ខែមករានេះ ថា អត្តសញ្ញាណនិងទីកន្លែងស្នាក់នៅរបស់ប្អូនប្រុសម្នាក់នោះ ត្រូវបានគេផ្តល់ដំណឹងហើយ ពុំមែនរស់នៅខ្មែរទេ ពោលគឺគាត់រស់នៅប្រទេសថៃ ហើយបច្ចុប្បន្នក៏ទទួលបានការព្យាបាលផងដែរ។

កញ្ញា ពេជ្រ ចរណៃ បានបន្ថែមថានាងក៏សប្បាយចិត្តដែរ ទោះបីជាក្មេងប្រុសម្នាក់នោះពុំមែនរស់នៅលើទឹកដីប្រទេសខ្មែរក៏ពិតមែន តែនេះជាក្តីអាណិត និងការជួយសង្គ្រោះដ៏ប្រសើរបំផុតសម្រាប់ជីវិតប្អូនប្រុស។ ម្យ៉ាងទៀតនាងក៏អរគុណដល់បងប្អូន និងសប្បុរសជននានា ដែលតែងតែជួយស្វះស្វែងបន្តការបញ្ជូនដំណឹង ដើម្បីស្វែងរកទីកន្លែងរបស់ក្មេងប្រុសរូបនោះ។

សូមរម្លឹកថា កញ្ញា ពេជ្រ ចរណៃ កាលពីថ្មីៗនេះបានប្រកាសជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ភ្ជាប់ជាមួយរូបដ៏គួរឲ្យអាណិតរបស់ក្មេងប្រុសរូបនោះថា សូមកុំដាច់ចិត្តអូសរំលងអី សូមជួយស៊ែរផង នាងខ្ញុំប្រកាសស្វែងរកក្មួយប្រុសម្នាក់នេះ បើមានបងប្អូនណាស្គាល់ក្មួយប្រុសក្នុងរូបនេះទេ សូមជួយទាក់ទងមកខ្ញុំផង តើក្មួយកុំពុងតែយំយ៉ាងណាទេ?។ ប៉ុន្តែទីបំផុត​ក្រោយពេលមានការប្រកាស និងចុះផ្សាយនៅលើសារព័ត៌មាន ក្មេងប្រុសរូបនេះក៏ត្រូវបានផ្តល់អត្តសញ្ញាណ តែពុំមែនរស់នៅខ្មែរឡើយពោល គឺស្ថិតលើទឹកដីប្រទេសថៃឯណ្ណោះ៕