(ម៉ាឌ្រីដ)៖ សហព័ន្ធកីឡាបាល់ទាត់ប្រទេសអេស្ប៉ាញ បានសម្រេចឲ្យក្លឹបអ្នកមានបុណ្យ FC Barcelona បន្ដការប្រជែងក្នុងពានរង្វាន់លំដាប់ទី២ Copa del Rey បន្ទាប់ពីមានភាពចម្រូងចម្រាសកាលពីប្រកួតជាមួយក្លឹប Levante ហើយក្រុមការពារជើងឯក Barcelona នឹងត្រូវជួបក្រុមលេខ២ Sevilla នៅក្នុងវគ្គ ៨ក្រុមនៅថ្ងៃទី២៤ ខែកមរា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Ramón Sánchez Pizjuán Stadium។

បើនិយាយពីបញ្ហារវាងក្លឹប Barcelona និងក្លឹប Levante គឺក្លឹប Levante បានពាក្យបណ្ដឹងជុំវិញបញ្ហាដែល Barcelona ដាក់កីឡាករដែលជាប់ពិន័យឲ្យចូលលេងនៅក្នុងជម្រើសដំបូងនោះ ក្នុងជំនួបដែលបញ្ចប់ទៅក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Camp Nou តែពាក្យបណ្តឹងនោះត្រូវបានច្រានចោលដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ ដោយសារតែក្លឹប Levante បញ្ជូនឯកសារមកយឺតយ៉ាវ។

សម្រាប់លទ្ធផលការចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយពាន Copa del Rey ក៏រកក្រុមដែលត្រូវប្រជែងគ្នាមានដូចជា៖
១៖ Real Madrid vs Girona
២៖ Getafe vs Valencia
៣៖ Sevilla vs Barcelona
៤៖ Espanyol vs Real Betis។

គួរបញ្ជាក់ផងដែរថា ក្លឹបដែលកាន់កាប់ពានរង្វាន់នេះច្រើនជាគេគឺ Barcelona មានរហូតទៅដល់ ៣០ដង គ្រាដែលរដូវកាលថ្មីនេះ ក្លឹបជើងឯករដូវកាលចាស់ Barcelona នឹងប៉ះក្រុមរងជើងឯក Sevilla ម្តងទៀត ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្ររដូវកាលមុន Barcelona យកឈ្នះក្នុងលទ្ធផល ៥-០៕