(ភ្នំពេញ)៖ តារាចម្រៀងសំនៀងស្រទន់មន្តស្នេហ៍ លោក នី រតនា ត្រូវបានគេដឹងថា លោក តែងតែបង្ហាញជីវិតឯកជនជាសាធារណៈ ជាមួយគ្នានេះ បន្ទាប់ពីភ្ជាប់ពាក្យជាមួយនារីស្រស់ស្អាត ដែលជាក្រមុំរបស់អ្នកជំនួញម្នាក់ នឹងរង់ចាំថ្ងៃមង្គលអស់រយៈពេលជិតមួយឆ្នាំមក ទីបំផុតតារាប្រុសរូបនេះ​ដឹកដៃគូដណ្តឹងចូលរោងមង្កលនាថ្ងៃនេះហើយ ។ អ្វីដែលមហាជនកត់សម្គាល់ ពិធីមង្គលការរបស់ នី រតនា ត្រូវបានធ្វើឡើងយ៉ាងអធិកអធម ដោយមានការចូលរួម ពីសាច់ញាតិទាំងសងខាង និងអ្នកសិល្បៈជាច្រើនផងដែរ។

ជាការកត់សម្គាល់ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ ដែលជាថ្ងៃមង្គលការរបស់ នី រតនា ត្រូវបានគេមើលឃើញថា ក្នុងពិធីហែរជំនួន គឺមានញាតិមិត្តជាច្រើនចូលរួម ប្រកបដោយស្នាមញញឹម ទាំងអ្នកសិល្បៈប្រុសស្រីល្បីៗ និងអ្នកជំនួញ។ លើសពីនេះ គឺទឹកមុខកូនក្រមុំកំលោះ បានបង្ហាញពីក្តីរំភើប សប្បាយរីករាយយ៉ាងខ្លាំង ជាពិសេស នី រតនា ញញឹមបិទមាត់មិនជិតតែម្តង។ ឈានដល់ពិធីកាត់សក់ ក្រៅពីកូនក្រមុំកំលោះស្រស់ស្អាត ដែលមហាជនចាប់អារម្មណ៍ហើយនោះ គឺមានការចូលរួមកាត់សក់យ៉ាងពិសេស ពីសំណាក់ លោកតា ព្រហ្ម ម៉ាញ និងលោកយាយយ៉យ ដែលអ្នកទាំងពីរ បានបង្កសំណើចភាពសប្បាយរីករាយយ៉ាងច្រើនផងដែរ ក្នុងថ្ងៃមង្គលការ នី រតនា។

ទស្សនិកជនមួយចំនួននាំគ្នាលើកឡើងថា ពិធីមង្គលការ នី រតនា ជាមួយកូនស្រីអ្នកជំនួញពិតជាមិនធម្មតាមែន ព្រោះធ្វើឡើងសុទ្ធតែនៅហាង មានបរិវេណធំទូលាយ ចំណែកឯការតុបតែងវិញ គឺសុទ្ធតែរបស់របរថ្មីៗ និងទាន់សម័យ បើគិតថ្លៃចំណាយគឺ អស់មិនតិចនោះទេ។

ទស្សនាវីដេអូខាងក្រោម៖