(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានបញ្ចប់កម្មវិធី Pre-Season Tour នៅប្រទេសថៃហើយគិតត្រឹមល្ងាចថ្ងៃទី១៧ ខែមករា ខណៈនឹងធ្វើដំណើរត្រឡប់មកកម្ពុជាវិញនាថ្ងៃសុក្រនេះ គ្រាដែលការប្រកួតមិត្តភាពអន្ដរជាតិចុងក្រោយកាលពីយប់មិញ ស្មើក្រុមម្ចាស់ផ្ទះ BTU United ២-២ នៅកីឡដ្ឋាន BTU នៅប្រទេសថៃ។

សម្រាប់ប៉ះក្រុម BTU United យប់មិញ ក្រុមម្ចាស់ផ្ទះបាននាំមុខក្រុមវិសាខា ១គ្រាប់មុន ក្រោយចាប់ផ្ដើមប្រកួតបាន ៥នាទី។ ប៉ុន្ដែត្រូវបានកីឡាករ ទិត្យ ឌីណា រកបាន២គ្រាប់ នៅចុងតង់ទី១ និងដើមតង់ទី២ ជួយឲ្យវិសាខានាំមុខ ២-១ វិញ មុនកីឡាករក្រុម BTU United រកបានគ្រាប់ទី២ ធ្វើឲ្យក្រុមទាំងពីរ បញ្ចប់ការប្រកួតពេញម៉ោងស្មើគ្នា ២-២។

បន្ទាប់ពីបញ្ចប់ការបោះជំរុំហ្វឹកហាត់លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមបាល់ទាត់វិសាខា បានចាត់ទុកការបោះជំរុំហាត់រយៈពេល ១២ថ្ងៃ នៅថៃទទួលបានផ្លែផ្កាដ៏ល្អប្រសើរជាច្រើន ពិសេសការយល់ចិត្តជាក្រុម និងការបង្ហាញសមត្ថភាពលើសពីការរំពឹងទុករបស់កីឡាករ ដើម្បីបង្ហាញពីការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីខាងមុខ ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩។

គួរដឹងថា វិសាខា បានចំណាយពេលជិតកន្លះខែ បោះជំរុំហ្វឹកហាត់នៅថៃ ហើយបានប្រកួតមិត្តភាពអន្ដរជាតិ ៦ប្រកួត ក្នុងនោះបានយកឈ្នះអតីតក្រុមចាស់របស់ ចាន់ វឌ្ឍនាកា Pahang FA របស់ម៉ាឡេស៊ី ៣-១, ឈ្នះក្រុម RSU United ៥-០, ស្មើក្រុម Customs United ១-១ និងឈ្នះក្រុមសមាជិកថ្មីនៃលីគទី២ របស់ថៃនេះដដែល ១-០ ក្នុងជំនួបមិត្តភាពលើកទី២ មុនឈ្នះក្រុមទើបធ្លាក់ពីលីគកំពូលថៃ Air Force United ១-០ និងស្មើក្រុម BTU United ២-២ កាលពីយប់មិញ៕