(ភ្នំពេញ)៖ ពិតជាមិនធ្វើឱ្យទស្សនិកជនអផ្សុកមែន ជាមួយនឹងការសម្តែងកំប្លែងពីសំណាក់ក្មេងៗ របស់ក្រុម រតនៈ វិបុល ព្រោះពួកគេតែងតែ បង្កសំណើច ដល់ទស្សនិកជនជាងរៀងរាល់ថ្ងៃ តាមរយៈការវីដេអូកំប្លែងប្លែកៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ អ្វីដែលកាន់តែប្លែកនោះ គឺថ្មីៗនេះ មីង ដុល្លា និងនាងយ៉ា បានរួមគ្នាច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា «ខ្ជិល អួត អឿ» ធ្វើឱ្យទស្សនិកជនប្លែកអារម្មណ៍គ្រប់គ្នាតែម្តង ខណៈបច្ចុប្បន្នតារាវ័យក្មេងទាំងពីរ កំពុងថត MV ។

ប្តូររស់ជាតិថ្មី បន្ទាប់ពីសម្តែងកំប្លែង ដែលមានបង្កប់អត្ថន័យអប់រំ ពាក្យសំដីកំប្លុកកំប្លែងល្អៗ ក្រុមរតនៈ វិបុល ត្រូវបានគេមើលឃើញថា កំពុងពង្រីកមហិច្ឆិតារបស់ខ្លួនបន្ថែមទៀត ដោយបង្វែរមកធ្វើបទចម្រៀង ឱ្យសមាជិកក្នុងក្រុមពីររូបគឺ មីងដុល្លារ មានចំនួន២បទ គឺបទ «ជ្រើសយកអូនទៅ» និង បទ «ទំនួញម៉ែភ្ជុំ» ចំណែកឯអ្នកតុង ឬកុមារាវីរៈ មានបទផ្ទាល់ខ្លួនមួយគឺបទ «ធ្វើបុណ្យឱ្យស្រឡះចិត្ត» ហើយពេលនេះ គឺមីង ដុល្លារ និងនាងយ៉ា បានច្រៀងរួមគ្នាក្នុងបទ «ខ្ជិល អួត អឿ»។

យ៉ាងណាមិញ ជាមួយនឹងចម្រៀងថ្មីនេះផងដែរ ត្រូវបានទស្សនិកជនជាច្រើន ចាប់អារម្មណ៍ និងគាំទ្រ ត្បិតអីមិនមែនជាតារាអាជីព តែទេពកោសល្យច្រៀង និងសម្តែងរបស់ក្មេងៗ ក្នុងក្រុមទាំងអស់ពិតជាឆ្លាត និងពូកែស្រូបអ្នកគាំទ្រ ឱ្យស្រលាញ់ចូលចិត្តគ្រប់ៗគ្នា៕